(កៀវ)៖ ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN) បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា នឹងធ្វើឲ្យមានវឌ្ឍនភាពលើកិច្ចព្រមព្រៀងតំបន់សុវត្ថិភាព ជុំវិញរោងចក្រនុយក្លេអ៊ែរហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា (Zaporizhzhia) ដែលគ្រប់គ្រងដោយរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែបានសង្កត់ធ្ងន់ថាវាគឺជាការចរចាដ៏តឹងតែងមួយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣។

កងកម្លាំងរុស្ស៊ី កាលពីខែមីនា ឆ្នាំ២០២២ បានចាប់យករោងចក្រសម័យអតីតសូវៀត ដែលជារោងចក្រនុយក្លេអ៊ែរដ៏ធំបំផុត ក្នុងតំបន់អឺរ៉ុប។ ការវាយប្រហារនៅក្បែរនោះ​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ បាន​បង្កើន​ការ​ភ័យ​ខ្លាច​ចំពោះ​មហន្តរាយ​នុយក្លេអ៊ែរ។

លោក រ៉ាហ្វាអែល ហ្រ្គូសស៉ី (Rafael Grossi) ប្រមុខទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានប្រាប់អ្នកយកព័ត៌មាន អំឡុងដំណើរទស្សនកិច្ចទៅអ៊ុយក្រែនយ៉ាងដូច្នេះថា «ស្ថានភាពជុំវិញរោងចក្រនេះនៅតែបន្តមានភាពគ្រោះថ្នាក់ខ្លាំង។ ឧបទ្ទវហេតុនុយក្លេអ៊ែរជាឧបទ្ទវហេតុ ដែលមានផលវិបាកវិទ្យុសកម្មធ្ងន់ធ្ងរ ហើយមិនសូវមានអ្នកចាប់អារម្មណ៍ឡើយ»។

លោក ហ្រ្គូសស៉ី បានបន្ថែមថា «គ្មាននរណាម្នាក់ចង់បង្កើតតំបន់សុវត្ថិភាពនោះទេ ប្រសិនបើវាមិនត្រូវបានគេចាត់ទុកថា ផលប្រយោជន៍យោធាសម្រាប់ភាគីម្ខាងៗ ហើយខ្ញុំកំពុងព្យាយាមបញ្ចុះបញ្ចូលមនុស្សគ្រប់គ្នា ថានេះមិនមែនជាអ្វីដែលត្រូវធ្វើទេ។ យើងចង់និយាយអំពីការទប់ស្កាត់គ្រោះថ្នាក់ដោយនុយក្លេអ៊ែរ»។

គួរបញ្ជាក់ថា ប្រមុខ IAEA រូបនេះ កំពុងធ្វើទស្សនកិច្ចលើកទី៦របស់លោកទៅកាន់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ីនាខែកុម្ភៈ ដើម្បីអនុវត្តផែនការឲ្យមានវត្តមានជាបន្តបន្ទាប់ នៃអ្នកជំនាញសុវត្ថិភាពនុយក្លេអ៊ែរ នៅគ្រប់ទីតាំងនុយក្លេអ៊ែរអ៊ុយក្រែន។ លោក ហ្រ្គូសស៉ី រំពឹងថានឹងជួបប្រធានាធិបតីអ៊ុយក្រែន នៅទីក្រុងកៀវ រួមជាមួយនិងមន្រ្តីផ្សេងទៀត៕