(ប៉ារីស)៖ ប្រធានសភានៃសហភាពអឺរ៉ុប លោកស្រី រ៉ូបឺតា មេតសូឡា (Roberta Metsola) បានសន្យាថានឹងធ្វើសកម្មភាពបន្ថែម ដើម្បីទប់ស្កាត់អំពើពុករលួយ ចំពោះមុខការស៉ើបអង្កេតជុំវិញករណីស៉ីសំណូក នៅក្នុងស្ថាប័នមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣។
ថ្លែងទៅកាន់ក្រុមសមាជិកសភាអឺរ៉ុប ក្នុងទីក្រុងស្រ្តាស់បឺគ (Strasbourg) នៃប្រទេសបារាំង លោកស្រី មេតសូឡា បានរៀបរាប់អំពីផែនការធ្វើកំណែទម្រង់ជាច្រើន។ ក្នុងនោះរួមមានទាំងគោលការណ៍ហាមឃាត់ សមាជិកសភាអឺរ៉ុបចូលធ្វើការងារពាក់ព័ន្ធទៅនឹងឡុបប៊ី (Lobby) បានភ្លាមៗឡើយ ក្រោយអាណត្តិជាប់ឆ្នោតរបស់ពួកគេបញ្ចប់ទៅ។
ម៉្យាងវិញទៀតនោះ លោកស្រី មេតសូឡា ក៏មានបំណងចង់ពង្រឹងកាតព្វកិច្ច ក្នុងការប្រកាសឱ្យដឹងជាសាធារណៈអំពីជំនួបផ្សេងៗ របស់សមាជិកសភា ហើយដាក់ចេញនូវបទបញ្ញត្តិតឹងរ៉ឹងជាងមុន សម្រាប់បុគ្គលដែលអាចចេញចូលបរិវេណសភាបានផងដែរ។ លោកស្រីក៏បានប្តេជ្ញាប្រឹងប្រែងដើម្បីធានា ឱ្យបានថាសាធារណជន អាចទទួលបានព័ត៌មានកាន់តែច្បាស់ អំពីការប្រកាសផ្នែកហិរញ្ញវត្ថុរបស់សភាអឺរ៉ុបថែមទៀតផង។
គួរបញ្ជាក់ថា ចាប់តាំងពីរឿងអាស្រូវពុករលួយ បានផ្ទុះឡើងកាលពីចុងឆ្នាំមុនមក អាជ្ញាធរប្រទេសបែលហ្ស៉ិក បានចាប់ខ្លួនក៏ដូចជាចោទប្រកាន់លើ បុគ្គលយ៉ាងហោច៤នាក់ ក្នុងនោះរួមមានទាំងអនុប្រធានសភាអឺរ៉ុប លោកស្រី អ៉ីវ៉ា ខៃលី (Eva Kaili) ដែលជាជនជាតិក្រិក ហើយនិងអតីតសមាជិកសភាអឺរ៉ុបជនជាតិអ៉ីតាលី លោក ភ្យែ អាន់តូនីញ៉ូ ប៉ាន់ហ្សេរី (Pier Antonio Panzeri) ជុំវិញការសង្ស័យថា ពួកគេបានទទួលលុយ និងអំណោយពីប្រទេសកាតា ដើម្បីជះឥទ្ធិពលលើការសម្រេចចិត្តរបស់សភាអឺរ៉ុប៕