(វ៉ាស៉ីនតោន)៖ បរិយាកាសអួរអាប់នៅតាមដងទន្លេដែលបានវាយលុករដ្ឋកាលីហ្វ័រញ៉ាអស់រយៈពេល៣សប្តាហ៍ ទីបំផុតបានរសាត់បាត់កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដែលអនុញ្ញាតឲ្យអាជ្ញាធរចាប់ផ្តើមជួសជុលផ្លូវ និងទំបន់ជាច្រើនឡើងវិញ ខណៈសេតវិមានបានប្រកាសថាប្រធានាធិបតី លោក ចូ បៃដិន គ្រោងចុះពិនិត្យដោយផ្ទាល់ដើម្បីស្ទង់មតិអំពីការខូចខាត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣។

ក្នុងបទបញ្ជាប្រតិបត្តិមួយដើម្បីពង្រឹងការឆ្លើយតបរបស់រដ្ឋចំពោះការខូចខាតដោយព្យុះ អភិបាលតំបន់ លោក ហ្កាវីន ញូសុម (Gavin Newsom) បាននិយាយថា ព្យុះភ្លៀងចំនួន៩លើកជាប់ៗគ្នាដែលបានជន់លិចរដ្ឋកាលីហ្វ័រញ៉ា ចាប់តាំងពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២មក បានសម្លាប់មនុស្សយ៉ាងហោចណាស់២០នាក់ ខណៈរាប់ម៉ឺននាក់ផ្សេងទៀតនៅតែស្ថិតក្រោមការបញ្ជាឲ្យជម្លៀសគិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ។

អ្នកជំនាញឧតុនិយមនៃសេវាអាកាសធាតុជាតិ លោក ដាវីដ រ៉ូត (David Roth) បានគូសបញ្ជាក់ថា «ភ្លៀងធ្លាក់ខ្លាំងលើកចុងក្រោយនៅរដ្ឋកាលីហ្វ័រញ៉ា កំពុងថមថយឥទ្ធិពលបន្តិចម្តងៗ។ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រមិនមានភ្លៀងធ្លាក់ខ្លាំងទៀតទេ»។ សេតវិមានក៏បានឲ្យដឹងផងដែរថា លោក ចូ បៃដិន នឹងធ្វើដំណើរទៅកាន់តំបន់ឆ្នេរសមុទ្រភាគកណ្តាល នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះដើម្បីជួបនឹងក្រុមសង្រ្គោះ ពិនិត្យទីតាំងដែលរងផលប៉ះពាល់ និងវាយតម្លៃអំពីតម្រូវការជំនួយរបស់សហព័ន្ធ។

គួរបញ្ជាក់ថា បើតាមសេវាអាកាសធាតុជាតិរបស់សហរដ្ឋអាមេរិក ព្យុះមួយទៀតបាននិងកំពុងចូលមកដល់ដែលអាចនាំមកនូវភ្លៀងធ្លាក់ក្នុងកម្រិតមធ្យម នៅថ្ងៃអង្គារ និងថ្ងៃពុធសប្តាហ៍នេះ។ ហើយក្រោយមក រដ្ឋកាលីហ្វ័រញ៉ារំពឹងថានឹងជួបលក្ខខណ្ឌអាកាសធាតុក្តៅហើយស្ងួត សម្រាប់រយៈពេលដែលនៅសល់នៃខែមករា៕