(វ៉ាស៉ីនតោន)៖ មន្រ្តីអាមេរិកបាននិយាយថាមនុស្សចំនួន៦នាក់ ដែលក្នុងចំណោមនោះមានម្តាយអាយុ១៧ឆ្នាំ និងទារកអាយុ៦ខែរបស់នាងផងដែរ ត្រូវបានសម្លាប់ក្នុងការបាញ់ប្រហារកាលពីព្រឹកថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នៅក្នុងផ្ទះមួយនៅកណ្តាលរដ្ឋកាលីហ្វ័រញ៉ានៃសហរដ្ឋអាមេរិក ហើយអាជ្ញាធរកំពុងស្វែងរកជនសង្ស័យយ៉ាងហោចណាស់២នាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣។

ការិយាល័យប៉ូលិសប្រចាំតំបន់ធូឡារី ខោនធី (Tulare County) បាននិយាយថា មានសេចក្តីរាយការណ៍អំពីករណីបាញ់ប្រហារជាច្រើនគ្រាប់នៅវេលាម៉ោងប្រហែល ៣និង៣០នាទីព្រឹក នៅក្នុងលំនៅដ្ឋានមួយក្នុងសង្កាត់ហ្គូសិន (Goshen) ស្ថិតនៅភាគខាងកើតនៃទីក្រុងវ៉ាសាលីយ៉ា (Visalia)។

មន្រ្តីប៉ូលិស លោក ម៉ាយ ប៊ូឌ្រិច (Mike Boudreaux) បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «តាមរបាយការណ៍គឺជនសង្ស័យម្នាក់បានធ្វើសកម្មភាពបាញ់ប្រហារនៅឯបរិវេណផ្ទះ។ សមត្ថកិច្ចបានប្រទះឃើញជនរងគ្រោះ២នាក់ស្លាប់នៅលើដងផ្លូវ និងជនរងគ្រោះទី៣ស្លាប់នៅនឹងមាត់ទ្វារផ្ទះ។ ចំណែកជនរងគ្រោះ៣នាក់ទៀតត្រូវបានរកឃើញនៅក្នុងផ្ទះ រួមទាំងបុរសម្នាក់ដែលនៅរស់ប៉ុន្តែក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុនការិយាល័យប៉ូលិសតំបន់ធូឡារី ខោនធី បានចុះអនុវត្តដីកាស្រាវជ្រាវពាក់ព័ន្ធនឹងករណីគ្រឿងញៀននៅទីតាំងគេហដ្ឋានមួយកន្លែងនេះ។ ក្រុមស៊ើបអង្កេតកំពុងស្វែងរកជនសង្ស័យយ៉ាងតិចពីរនាក់ ដែលពួកគេជឿថាមានជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះ៕