(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) គ្រោងនឹងបំពេញដំណើរទស្សនកិច្ច ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកុម្ភៈខាងមុខនេះ ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិនជាទីដែលលោកនឹងត្រូវជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបទេសចិន លោក Qin Gang។ នេះបើតាមការដកស្រង់ចេញផ្សាយពី សារព័ត៌មាន Politico នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣។

សារព័ត៌មាន Politico ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងទៀតថាប្រមុខការទូតអាមេរិក នឹងពិភាក្សាលើប្រធានបទសំខាន់ៗដូចជា សង្រ្គាមនៅអ៊ុយក្រែន ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិន កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន និងការដោះលែងពលរដ្ឋអាមេរិកដែលកំពុងជាប់ឃុំនៅក្នុងប្រទេសចិន។ លើសពីនេះទៅទៀត លោក ប្ល៊ីនខិន ក៏ត្រូវបានគេរំពឹងថាអាចនឹងលើកយកបញ្ហាស្ដារកិច្ចសន្ទនាយោធាឡើងវិញជាមួយចិន មកពិភាក្សាផងដែរ ក្រោយទីក្រុងប៉េកាំង កាត់ផ្ដាច់កិច្ចសន្ទនានេះជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់អតីតប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅកោះតៃវ៉ាន់ កាលពីខែ សីហា ឆ្នាំ២០២២។

គួរបញ្ជាក់ថា បើតាមសេចក្ដីរាយការណ៍ដាច់ដោយឡែកពីកាសែតអាមេរិក Wall Street Journal កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះដែរ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen អាចនឹងជួបជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក លុយ ហេ (Liu He) នាឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងប្រទេសស្វីស នៅថ្ងៃពុធសប្ដាហ៍នេះ៕