(ឡាអេ)៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អានណាឡេណា បែរបុក (Annalena Baerbock) នៅថ្ងៃចន្ទសប្ដាហ៍នេះបានអំពាវនាវឱ្យបង្កើតតុលាការពិសេសមួយ ដើម្បីកាត់ទោសមេដឹកនាំរុស្ស៉ី ខណៈទីក្រុងមូស្គូកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្រ្គាមសាជាថ្មី ជុំវិញការវាយប្រហារលើទីក្រុង ឌីនីប្រូ (Dnipro) របស់អ៊ុយក្រែន កាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣។

នៅក្នុងសុន្ទរកថាមួយទៅកាន់វេទិការមួយរៀបចំឡើងនៅឯសាលាច្បាប់ Hague Academy of International Law មួយមូលដ្ឋានក្នុងទីក្រុងឡាអេ ប្រទេសហូងឡង់ លោកស្រី បែរបុក បានគូសបញ្ជាក់ដូច្នេះថា «យើងត្រូវតែបញ្ជូនសារឱ្យច្បាស់ទៅកាន់មេដឹកនាំរុស្ស៉ី ថាសង្រ្គាមឈ្លានពាននឹងមិនអាចប្រព្រឹត្តិទៅដោយទទេៗនោះឡើយ»។ លោកស្រីបន្ថែមទៀតថាលោកស្រីផ្ទាល់បានពិភាក្សាជាមួយអ៊ុយក្រែន និងសម្ព័ន្ធមិត្តលើកិច្ចការបង្កើតតុលាការពិសេស ដែលអាចនឹងប្រើប្រាស់ច្បាប់អ៊ុយក្រែន តែលោកស្រីក៏ចង់ឱ្យមានការចូលរួមពីចៅក្រមអន្តរជាតិដែរ។

គួរបញ្ជាក់ថា ការអំពាវនាវឱ្យបង្កើតតុលាការពិសេសរបស់លោកស្រីប្រមុខការទូតអាល្លឺម៉ង់ កើតមានឡើងខណៈក្រុមមន្ត្រីអឺរ៉ុបបានចោទប្រកាន់ថាការវាយប្រហារតាមផ្លូវ អាកាសរបស់រុស្ស៉ី លើអគារអាផាតធឺមិនមួយកន្លែងក្នុងទីក្រុងឌីនីប្រូ នៃប្រទេសអ៊ុយក្រែនដែលបានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ គឺមានលក្ខណៈគ្រប់គ្រាន់ជា ឧក្រិដ្ឋកម្មសង្រ្គាម បើទោះជាវិមានក្រឹមឡាំងអះអាងថាខ្លួនគ្មានគោលដៅលើជនស៊ីវិលក៏ដោយ៕