(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក តាយយ៉ីប អឺដូហ្កាន់ (Tayyip Erdogan) បាននិយាយថាស៊ុយអែត និងហ្វាំងឡង់ ត្រូវតែបណ្ដេញ ឬធ្វើបត្យាប័នភេរវករ ១៣០នាក់ មកកាន់ប្រទេសតួកគីជាមុនសិន មុននឹងសភាតួកគីផ្ដល់សច្ចាប័នលើសំណើសុំចូលជាសមាជិកបក្សសម្ព័ន្ធយោធា NATO។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣។

លោក អឺដូហ្កាន់ ធ្វើការកត់សម្គាល់ខាងលើកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ដោយចង់រំឮកឡើងវិញពីសន្និសីទសារព័ត៌មានរួមគ្នាដែលលោកបានធ្វើជាមួយ នាយករដ្ឋមន្ត្រីស៊ុយអែតកាលពីខែវិច្ឆិកា ឆ្នាំ២០២២។ ប្រធានាធិបតីតួកគីរូបនេះបានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើអ្នកមិនព្រមប្រគល់ភេរវករមកឱ្យពួកយើង ទេ នោះយើងក៏មិនអាចអនុម័តពាក្យសុំចូល NATO​ របស់អ្នកតាមរយៈសភាបាននោះដែរ...ដើម្បីឱ្យសភាអនុម័ត រឿងដែលអ្នកត្រូវធ្វើដំបូងគេ គឺប្រគល់ភេរវករ ១៣០នាក់មកឱ្យពួកយើង»

គួរបញ្ជាក់ថា ស៊ុយអែត និងហ្វាំងឡង់ បានដាក់ពាក្យសុំចូលជាសមាជិក NATO កាលពីឆ្នាំ២០២២កន្លងទៅ ហើយសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ត្រូវបានប្រទេសទាំង២ យកមកសំអាងពីភាពចាំបាច់ក្នុងការចូលរួមជាមួយបក្សសម្ព័ន្ធយោធាមួយនេះ។ ប៉ុន្តែ ដើម្បីអាចក្លាយជាសមាជិក ប្រទេសទាំង២ ត្រូវតែ ទទួលបានការអនុម័តយល់ព្រមពីប្រទេសជាសមាជិក NATO ទាំង៣០ប្រទេស ខណៈតួកគី និងហុងគ្រី ​មិនទាន់អនុម័តលើពាក្យសុំនេះនៅឡើយទេ៕