(ញូវដេលី)៖ របាយការណ៍ថ្មីមួយបានបង្ហាញថា អ្នកមានបំផុតចំនួន ១ភាគរយនៅក្នុងប្រទេសឥណ្ឌាកាន់កាប់ប្រហែល ៤០ភាគរយនៃទ្រព្យសម្បត្តិសរុបរបស់ប្រទេសក្នុងឆ្នាំ២០២១ ដែលបង្ហាញពីវិសមភាពទ្រព្យសម្បត្តិកាន់តែទូលំទូលាយ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេទីពីររបស់ពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣។

នៅឆ្នាំ ២០២២ ចំនួនមហាសេដ្ឋីឥណ្ឌាបានកើនឡើងដល់ ១៦៦នាក់ ពី ១០២នាក់ក្នុងឆ្នាំ២០២០ នេះបើយោងតាមរបាយការណ៍ "Survival of the Richest" របស់អង្គការសប្បុរសធម៌ Oxfam ដែលត្រូវបានចេញផ្សាយនៅថ្ងៃចន្ទនេះ ស្របពេលនឹងការចាប់ផ្តើមនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ នៅទីក្រុង Davos ប្រទេស​ស្វីស។

របាយការណ៍បំពេញបន្ថែមដោយ Oxfam India បានបង្ហាញថា មហាសេដ្ឋីឥណ្ឌាបានឃើញទ្រព្យសម្បត្តិរបស់ពួកគេកើនឡើងរហូតដល់ ១២១ភាគរយចាប់តាំង ពីការចាប់ផ្តើមនៃជំងឺរាតត្បាតកូវីដ-១៩ រហូតដល់ខែវិច្ឆិកាឆ្នាំមុន។

របាយការណ៍បាននិយាយថា «ចាប់ពីឆ្នាំ ២០១២ ដល់ ២០២១ ៤០ភាគរយនៃទ្រព្យសម្បត្តិនៅក្នុងប្រទេសឥណ្ឌាបានទៅលើក្រុមមនុស្ស ១ភាគរយ នៃចំនួនប្រជាជនសរុប ហើយមានតែ ៣ភាគរយប៉ុណ្ណោះ នៃទ្រព្យសម្បត្តិសម្រាប់ប្រជាជន៥០%ផ្សេងនៅបាតក្រោម»

ចំនួនប្រជាជនឥណ្ឌាដែលស្រេកឃ្លានបានកើនឡើងដល់ ៣៥០លាននាក់កាលពីឆ្នាំមុន ពី១៩០លាននាក់បើធៀបនឹងឆ្នាំ២០១៨ ដោយភាពអត់ឃ្លានត្រូវបានលើកឡើងយ៉ាងទូលំទូលាយថា ជាមូលហេតុនៃ ៦៥ភាគរយនៃការស្លាប់ក្នុងចំណោមកុមារ ដែលមានអាយុក្រោម ៥ឆ្នាំកាលពីឆ្នាំ ២០២២។

ប្រជាជនឥណ្ឌាសរុបមានប្រហែល ១.៤ពាន់លាននាក់៕