(មូស្គូ)៖ វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃចន្ទ (១៦ មករា) ថា រថក្រោះដែលអង់គ្លេសគ្រោងនឹងបញ្ជូនទៅកាន់អ៊ុយក្រែន «នឹងឆេះក្លាយជាផេះ» ដោយព្រមានលោកខាងលិចថា ការផ្គត់ផ្គង់អាវុធទំនើបៗបន្ថែមទៀតដល់អ៊ុយក្រែន នឹងមិនផ្លាស់ប្តូរលទ្ធផលនៃសង្រ្គាមនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣។

ចាប់តាំងពីប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាកងទ័ពចូលអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានផ្តល់អាវុធរាប់សិបពាន់លានដុល្លារ រួមទាំងប្រព័ន្ធរ៉ុក្កែត យន្តហោះគ្មានមនុស្សបើក រថពាសដែក និងប្រព័ន្ធទំនាក់ទំនងដល់អ៊ុយក្រែន។

អង់គ្លេសបានប្រកាសកាលពីថ្ងៃសៅរ៍កន្លងទៅថា ខ្លួននឹងបញ្ជូនរថក្រោះប្រយុទ្ធ Challenger 2 ចំនួន ១៤គ្រឿង ក៏ដូចជាកាំភ្លើងធំទំនើបផ្សេងទៀតនៅក្នុងសប្តាហ៍ខាងមុខនេះ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅពេលសួរអំពីរថក្រោះអង់គ្លេសថា «ពួកគេកំពុងប្រើប្រាស់ប្រទេសនេះជាឧបករណ៍មួយ ដើម្បីសម្រេចបាននូវគោលដៅប្រឆាំងរុស្ស៊ី»

លោក Peskov បានសង្កត់ធ្ងន់ថា «រថក្រោះទាំងនេះនឹងឆាបឆេះ ហើយអាវុធផ្សេងទៀតក៏នឹងឆេះដូចគ្នាដែរ»

អ្នកនាំពាក្យវិមានក្រឹមឡាំងបានបន្ថែមថា ការផ្គត់ផ្គង់ថ្មីពីប្រទេសដូចជាអង់គ្លេស និងប៉ូឡូញ នឹងមិនផ្លាស់ប្តូរស្ថានភាពនៅលើដីនោះទេ ប៉ុន្តែជាការប៉ុនប៉ងដើម្បីទាញជម្លោះ ដែលលោកបាននិយាយថា នៅទីបំផុតនឹងនាំមកនូវ «បញ្ហាកាន់តែច្រើន» លើអ៊ុយក្រែន។

គួរបញ្ជាក់ថា លោក ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា ប្រតិបត្តិការយោធានៅអ៊ុយក្រែនទទួលបានសន្ទុះជាវិជ្ជមាន ហើយថាលោកសង្ឃឹមថា ទាហានរបស់លោកនឹងផ្តល់ជ័យជំនះបន្ថែមទៀត បន្ទាប់ពីប្រទេសរុស្ស៊ីបានកាន់កាប់ទីក្រុង Soledar ភាគខាងកើតអ៊ុយក្រែន៕