(មូស្គូ)៖ វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃចន្ទនេះថា កងកម្លាំងរុស្ស៊ីមិនបានកំណត់គោលដៅលើអគារលំនៅដ្ឋានជនស៊ីវិល ក្នុងការវាយប្រហារដោយមីស៊ីលរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែនក្នុងទីក្រុង Dnipro ទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងពីរថ្ងៃបន្ទាប់ពីមីស៊ីលរុស្ស៊ីបានវាយប្រហារអគារផ្ទះល្វែងមួយ ក្នុងទីក្រុង Dnipro ដែលបានសម្លាប់ជនស៊ីវិលជាង ៣០នាក់។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា «ស្ថានភាព» នៅក្នុងទីក្រុង Dnipro គឺជាលទ្ធផលនៃខែលប្រឆាំងមីស៊ីល និងការការពារដែនអាកាសរបស់អ៊ុយក្រែនតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា អភិបាលតំបន់ឌីនីប្រូផេត្រូវ (Dnipropetrovsk) បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ចំនួនអ្នកដែលស្លាប់នៅទីក្រុងឌីនីប្រូ (Dnipro) ក្រោយការវាយប្រហារមីស៉ីលរបស់រុស្ស៉ី កាលពីចុងសប្តាហ៍មុន បានកើនដល់៣៥នាក់ ខណៈជោគវាសនារបស់មនុស្ស ៣៥នាក់ផ្សេងទៀត គឺមិនដឹងជាយ៉ាងណានោះឡើយ៕