(បែរឡាំង)៖ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោកស្រី គ្រីស្ទីន ឡាំប្រិច (Christine Lambrecht) បានដាក់ពាក្យលាលែងពីតំណែង ជាផ្លូវការហើយនៅថ្ងៃចន្ទនេះ បន្ទាប់ពីសប្តាហ៍មុនមានការសង្ស័យថា លោកស្រីនឹងធ្វើយ៉ាងដូច្នោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣។

លោកស្រី ឡាំប្រិច បាននិយាយយ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំបានស្នើឱ្យលោកអធិការបតី ទទួលយកពាក្យលាលែងពីតំណែងរបស់ខ្ញុំ ក្នុងនាមជារដ្ឋមន្រ្តីការពារជាតិ»។ លោកស្រី ឡាំប្រិច ដែលមានវ័យ៥៧ឆ្នាំ បានស្ថិតក្រោមសម្ពាធអស់រយៈពេលជាច្រើនខែមកហើយ ជុំវិញការឆ្លើយតបដែលមានលក្ខណៈស្ទាក់ស្ទើររបស់អាល្លឺម៉ង់ ជុំវិញបញ្ហាសង្រ្គាមនៅអ៊ុយក្រែន។

ក្រោយមក លោកស្រីក៏បានរងការរិះគន់កាន់តែខ្លាំងថែមទៀត ដោយសារតែការបង្ហោះសារវីដេអូមួយ កាលពីឱកាសឆ្លងឆ្នាំសកល។ ក្នុងឃ្លីបវីដេអូនោះលោកស្រី ឡាំប្រិច បានលើកអំពី «បទពិសោធន៍ពិសេស» ដែលលោកស្រីទទួលបាន ក្នុងនាមជារដ្ឋមន្រ្តីការពារជាតិ នៅឆ្នាំ២០២២ ដោយនៅពីក្រោយខ្នងមានការបាច់កាំជ្រួចអបអរកងរំពង។

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយធំៗរបស់អាល្លឺម៉ង់ បាននាំគ្នារិះគន់លើសារវីដេអូរបស់លោកស្រី ដោយខ្លះថែមទាំងបាននិយាយថា លោកស្រីលែងសមកាន់តួនាទីជា ប្រមុខការពារជាតិទៀតហើយ។ ការសង្ស័យអំពីគម្រោងលាលែងពីតំណែងរបស់​លោកស្រី បានលេចឡើងតាំងតែពីសប្តាហ៍មុន។ លោកស្រី ឡាំប្រិច បានក្លាយជារដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ កាលពីខែធ្នូ ឆ្នាំ២០២១។ ភ្លាមៗនេះគេមិនទាន់ដឹងនៅឡើយទេថា តើអ្នកណាដែលនឹងត្រូវជំនួសតំណែងលោកស្រី៕