(កដ្ឋមណ្ឌូ)៖ ក្រុមអ្នករុករកនៅថ្ងៃចន្ទនេះបានរកឃើញ ប្រអប់ខ្មៅទាំងពីរ គឺប្រអប់ថតសំឡេងនិងប្រអប់កត់ត្រាទិន្នន័យហោះហើរ របស់យន្តហោះដឹកអ្នកដំណើរ ដែលបានធ្លាក់នៅប៉ាល់ ហើយផ្តាច់ជីវិតមនុស្សយ៉ាងហោច៦៨នាក់ ខណៈវាគឺជាគ្រោះថ្នាក់ធ្លាក់យន្តហោះ ដ៏អាក្រក់បំផុតរបស់ប្រទេសមួយនេះ ក្នុងអំឡុងពេល៣០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣។
ព័ត៌មាននៅក្នុងប្រអប់ខ្មៅទាំងពីរខាងលើ អាចជួយក្រុមអ្នកស៉ើបអង្កេតកំណត់អំពីមូលហេតុ ដែលនាំឱ្យយន្តហោះធុន ATR 72 រប់សក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ Yeti Airlines ផ្ទុកមនុស្សសរុប៧២នាក់ ធ្លាក់នៅក្រោមលក្ខខណ្ឌអាកាសធាតុល្អធម្មតា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មុនពេលត្រូវចុះចតនៅទីក្រុងប៉ូខារ៉ា (Pokhara) ភាគកណ្តាលប្រទេសនេប៉ាល់ តែបន្តិចប៉ុណ្ណោះ។អាជ្ញាធរនេប៉ាល់បានឱ្យដឹងថា ប្រអប់ខ្មៅទាំងពីរនោះ មិនបានរងការខូចខាតអ្វីឡើយ ហើយពួកវានឹងបញ្ជូនទៅកាន់ក្រុមជំនាញ សម្រាប់ការវិភាគទិន្នន័យ។
គួរបញ្ជាក់ថា យន្តហោះខាងលើ មានគោលដៅមកពីរដ្ឋធានីកដ្ឋមណ្ឌូរបស់នេប៉ាល់ ដោយដឹកអ្នកដំណើរ៦៨នាក់ និងក្រុមសហសេវិក៤នាក់ ដែលរួមមានជនជាតិនេប៉ាល់៥៧នាក់ ឥណ្ឌា៥នាក់ រុស្ស៉ី៤នាក់ កូរ៉េខាងត្បូង២នាក់ អាហ្សង់ទីន១នាក់ អៀរឡង់១នាក់ អូស្រ្តាលី១នាក់ និងបារាំង១នាក់។ មកទល់ពេលនេះ ក្រុមសង្រ្គោះរកឃើញសាកសពមនុស្ស៦៨នាក់ ខណៈ៤នាក់ នៅមិនទាន់រកឃើញ៕