(រ៉ូម)៖ នៅថ្ងៃចន្ទនេះ កងកម្លាំងប៉ូលិសរបស់ប្រទេសអ៉ីតាលី ចាប់ខ្លួនបានលោក ម៉ាតេអូ ម៉េស្ស៉ីណា ដេណារ៉ូ (Matteo Messina Denaro) ជាមេខ្លោងនៃក្រុមសង្គមងងឹតម៉ាហ្វៀ (Mafia) ដែលបានរត់គេចពីការតាមចាប់ អស់រយៈពេលប្រមាណ៣ទសវត្សរ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣។

លោក ដេណារ៉ូ ត្រូវអាជ្ញាធរអ៉ីតាលីជឿជាក់ថា ជាមេខ្លោងរបស់ក្រុមម៉ាហ្វៀរហៅថា កូសា ណូស្ត្រា (Cosa Nostra) នៃកោះស៉ីស៉ីលី (Sicily) ខណៈលោកត្រូវបានឃាត់ខ្លួន នៅទីក្រុងប៉ាឡឺម៉ូ (Palermo) ដែលជារដ្ឋធានីនៃដែនកោះរបស់ប្រទេសអ៉ីតាលីមួយនេះ។ លោក ដេណារ៉ូ ត្រូវបានផ្តន្ទាទោសកំបាំងមុខ ឱ្យជាប់ពន្ធនាគារមួយជីវិត សម្រាប់ករណីឃាតកម្មកាលពីឆ្នាំ១៩៩២ លើរដ្ឋអាជ្ញា២នាក់ ដែលមាននិន្នាការប្រឆាំងពួក Mafia។

មេម៉ាហ្វៀររូបនេះ ក៏ប្រឈមការកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត សម្រាប់ករណីវាយប្រហារបំផ្ទុះគ្រាប់បែក កាលពីឆ្នាំ១៩៩៣ នៅទីក្រុងផ្លូរែន (Florence), ទីក្រុងរ៉ូម (Rome) និងទីក្រុងមីឡាន (Milan) ដែលបានផ្តាច់ជីវិតមនុស្សសរុប ១០នាក់ផងដែរ។

គួរបញ្ជាក់ថា បើតាមការអះអាងរបស់ប៉ូលិសអ៉ីតាលី កាលពីខែកញ្ញា ឆ្នាំ២០២២ គឺលោក ដេណារ៉ូ នៅតែអាចចេញបញ្ជាពាក់ព័ន្ធ របៀបធ្វើប្រតិបត្តិការរបស់ក្រុមម៉ាហ្វៀរ Cosa Nostra នៅក្នុងតំបន់ជុំវិញទីក្រុងត្រាប៉ានី (Trapani) ភាគខាងលិចកោះ Sicily ដែលជាមូលដ្ឋានធំរបស់លោកប្រចាំតំបន់ដដែល ទោះបីជារូបលោកស្ថិតក្រោមការរត់គេចខ្លួន អស់រយៈពេលជាយូរក៏ដោយ៕