(វ៉ាស៉ីនតោន)៖ UFO គឺជាពាក្យពេញនៃអក្សរ Unidentified Flying Object មានន័យថាវត្ថុហោះហើរដែលគេមិនស្គាល់អត្តសញ្ញាណ។ ពលរដ្ឋខ្មែរជាទូទៅស្គាល់ថា «ថាសហោះ»។ រឿង«ថាសហោះ» គឺជារឿងអាថ៌កំបាំងដែលមិនទាន់មានការបកស្រាយណាមួយច្បាស់លាស់ ពីក្រុមអ្នកវិទ្យាសាស្ត្រអាចបញ្ជាក់ថាតើមានប្រភពមកពីណា និងអ្នកណាជាអ្នកបង្កើតវានោះទេ។ រឿង «UFO ថាសហោះនេះនៅតែស្ថិតក្នុងការចង់ដឹងជានិច្ចពីប្រជាជនទូទៅ»។ មានរឿងរ៉ាវជាច្រើនណាស់ដែលគេបាននិយាយអំពី ថាសហោះ UFO នោះ ប៉ុន្តែការពិតបានស្ថិតក្នុងភាពមិនទាន់ច្បាស់លាស់អ្វីទាំងអស់ ខណៈដែលក្រុមអ្នកស្រាវវិទ្យាសាស្ត្រជាពិសេសអ្នកវិទ្យាសាស្ត្រអាមេរិក កំពុងយកចិត្តទុកដាក់តាមដានជាទីបំផុត។

*តើអ្នកណាបានប្រទះឃើញ UFO នេះមុនគេ?

យោងតាមសេចក្តីរាយការណ៍របស់ Life Science នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៤៧ អ្នកបើកយន្តហោះតូចឯកជនម្នាក់ឈ្មោះ Kenneth Arnold ពេលកំពុងធ្វើការហោះហើរយន្តហោះក្បែរភ្នំ Mount Rainier ក្នុងរដ្ឋ Washington State គាត់បានឃើញវត្ថុចម្លែកមួយ។ នោះគឺលើកដំបូងបង្អស់ហើយពាក់ព័ន្ធនឹងការប្រទះឃើញវត្ថុចម្លែក ដែលគេបានដាក់ឈ្មោះ UFO ឬថាសហោះនេះ។ លោក Kenneth Arnold និយាយថា នៅខាងឆ្វេងដៃរបស់លោកប្រមាណពី២០ ទៅ២៥ម៉ាយល៍ នាភាគខាងជើងយន្តហោះដែលគាត់កំពុងបើកបរក្នុងកំពស់ ដូចដែលគាត់បានធ្វើដែរនោះ មានវត្ថុចម្លែកមានពន្លឺចំនួន៩បន្តកន្ទុយគ្នា បានហោះលើអាកាសក្នុងពេលពួកគេកំពុងធ្វើដំណើរ គ្រាដែលមានព្រះអាទិត្យកំពុងតែរះ។ លោក Kenneth Arnold បានព្យាយាមនិយាយប៉ាន់ប្រមាណនូវទំហំវត្ថុចម្លែកដែលហោះហើរនោះ ដែលនីមួយៗមានទំហំពី ៤៥ទៅ៥០ហ្វីត គឺប្រមាណពីជាង១២ម៉ែត្រទៅជាង១៥ម៉ែត្រ។

លោកថា លោកបានឃើញ វត្ថុចម្លែកនោះក្នុងរយៈពេលប្រមាណមួយនាទី៤២វិនាទី ដែលពួកគេបានហោះនៅចន្លោះភ្នំ និងហោះឃ្លាតពីគ្នាប្រមាណ ៥០ម៉ាយល៍។ លោកថាល្បឿនរបស់វត្ថុចម្លែកនោះ មានល្បឿនលឿនប្រមាណ១ពាន់៧០០ ម៉ាយល៍ក្នុងមួយម៉ោង ដែលលឿនជាង៣ដងនៃល្បឿនយន្តហោះក្នុងសម័យអតីតកាលនោះ ។ លោក Kenneth Arnold បានប្រញាប់ហោះមកស្ថានីយ៍ Yakima ក្នុងរដ្ឋវ៉ាស្ហ៊ីនតោនស្តេត និងបានរាយការណ៍អំពីអ្វីដែលលោកបានឃើញប្រាប់ទៅមន្ត្រីនៅទីនោះ។ រឿងរបស់លោកបានឃើញនាពេលនោះ ត្រូវបានផ្សព្វផ្សាយពាសពេញសកលលោក។ ក្រោយៗមកទៀត គេបានទទួលសេចក្តីរាយការណ៍អំពីការឃើញវត្ថុចម្លែកនានាហោះលើផ្ទៃអាកាសថែមទៀត ដែលនាំឱ្យមានការសង្ស័យថាអាចមានមនុស្សពីភពខាងក្រៅ បានធ្វើដំណើរក្នុងលំហរអវកាសនៃភពផែនដីរបស់មនុស្សយើងនេះ។

ដូចជាសេចក្តីរាយការណ៍ព័ត៌មានរបស់កាសែត Money Control ដែលបានចុះផ្សាយកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នូវរូបភាព UFO មួយដែលអ្នកឡើងភ្នំ២នាក់បានប្រទះឃើញ។ អ្នកឡើងភ្នំ២នាក់នោះ បានប្រទះឃើញវត្ថុចម្លែកថាសហោះនេះ បានហោះកាលពីខែសីហា ឆ្នាំ១៩៩០ក្បែរភ្នំ Calvin នៅ​ Scotland ក្នុងប្រទេសអង់គ្លេស។ ហើយរឿងថាសហោះនេះ មានច្រើនជាងនេះរាប់រយដង។ សេចក្តីរាយការណ៍របស់ឯកសារអាមេរិកបាននិយាយថា សេចក្តីរាយការណ៍ចុងក្រោយពាក់ព័ន្ធនឹងការឃើញវត្ថុចម្លែក UFO នេះ គឺកើតឡើងថ្ងៃទី២១កុម្ភៈឆ្នាំ២០២១។ សេចក្តីរាយការណ៍និយាយថាអ្នកបើកយន្តហោះម្នាក់ ក្នុងកម្ពស់៣៧ពាន់ហ្វីត ឬជាង១១គីឡូ បានរាយការណ៍នូវការប្រទះឃើញវត្ថុ ចម្លែក UFO រាងដូចស៊ីឡាំងទ្រវែង ហើយដូចជាគ្រាប់មីស៊ីលបានធ្វើដំណើរយ៉ាងលឿនពីលើយន្តដែលកំពុងធ្វើដំណើរលើអាកាស។

ក្រុមហ៊ុនអាកាសចរណ៍ American Airlines បាន បញ្ជាក់ថារឿងនោះត្រូវបានបញ្ជួនមកតាមសម្លេងទាក់ទងយន្តហោះនៃជើងហោះហើរ 2292 ។ តាមសម្លេងបញ្ជូននោះ បាននិយាយថាអ្នកបើកបរយន្តហោះបានឃើញវត្ថុចម្លែកមួយហោះ នៅលើរដ្ឋ New Mexico រយៈពេលខ្លីនៃម៉ោងថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១។ សេចក្តីរាយការណ៍របស់ប្រព័ន្ធរ៉ាដាគ្រប់គ្រងការបញ្ជាយន្តហោះ បានថ្លែងថាគេមិនអាចចាប់សញ្ញាប្រព័ន្ធហោះហើរនោះបានឡើយ។ រឿង UFO ត្រូវគេឃើញថាត្រូវបានក្រុមហ៊ុនអាមេរិកផលិត ជារឿងខ្សែភាពយន្តបញ្ចេញបញ្ចូលជាច្រើនទៀតដែលធ្វើឱ្យពិភពលោកកាន់តែចាប់អារម្មណ៍។

*តើសហរដ្ឋអាមេរិក បានរៀបចំគម្រោងអ្វីខ្លះចំពោះរបាយការណ៍ឃើញ UFO ទាំងនេះ?

របាយការណ៍ថ្មីមួយរបស់រដ្ឋាភិបាលអាមេរិកដែលគេមិនរក្សាជាឯកសារសម្ងាត់ទៀតនោះ បានរាយការណ៍អំពីការប្រទះឃើញថាសហោះ UFO នេះដោយក្រុមទាហានអាមេរិក។ របាយការណ៍ប៊ីប៊ីស៊ី បានរាយការណ៍សប្តាហ៍មុនថា យោងតាមឯកសារដែលបានបញ្ចេញដោយរដ្ឋាភិបាលអាមេរិក UFO ឬថាសហោះ ត្រូវទាហានអាមេរិករកឃើញច្រើនរយករណីឯនោះ។ ការិយាល័យព័ត៌មានសម្ងាត់ជាតិអាមេរិក បានទទួលនូវរបាយការណ៍ដែលប្រទះឃើញរឿង ថាសហោះនេះ មានច្រើនដល់៥១០ករណីដែលមានចំនួនច្រើនជាង១៤៤ករណី នៃការវាយតម្លៃដំបូងដោយទីភ្នាក់ងារចារកម្មឆ្នាំ២០២១។ ប្រមាណជិតពាក់កណ្តាលនៃសេចក្តីរាយការណ៍រកឃើញនោះ ត្រូវគេចាត់ទុកជារឿងសាមញ្ញៗដែលគេមិនសូវចាប់អារម្មណ៍ឡើយ និងត្រូវបានគេសន្មតថាវាមានប្រភពដើមពីមនុស្សដែលបានបង្កើតថាសហោះនេះ។ ប៉ុន្តែក៏មានប្រមាណជាង១០០ករណីដែលគេមិនអាចពន្យល់ឱ្យច្បាស់បានឡើយ។ របាយការណ៍បាននិយាយថា ការដែលប្រទះឃើញUFOទាំងនោះ ដែលរដ្ឋាភិបាលអាមេរិក បានហៅថា «បាតុភូតហោះលើអាកាសដែលគេមិនស្គាល់អត្តសញ្ញាណ» មានវត្តមានបន្តកើតឡើងនៅក្នុងដែនអាកាសដែលគេហាមឃាត់ ឬលំហអាកាសដែលគេចាត់ទុកថាមានភាព Sensitive។

សេចក្តីរាយការណ៍អំពីវត្តមាន UFO នោះ ត្រូវបានរដ្ឋាភិបាលអាមេរិកបានចាត់ទុកថា ជាក្តីបារម្ភលើសុខសុវត្ថិភាពពលរដ្ឋនិងកត្តាសន្តិសុខជាតិ។ សេចក្តីរាយការណ៍ដដែលបាននិយាយថា ការរបាយការណ៍ថ្មីចំនួន ៣៦៦UFO ដែលគេបាន ប្រទះឃើញ រួមមាន២៦ករណីត្រូវគេសង្ស័យថាជាដ្រូន ១៦៣ករណី គឺជាឧបករណ៍មូលបាឡុង និង៦ទៀតគឺជាដុំចង្កោម Clutter។ ក្នុងចំណោមរបាយការណ៍ដែលរកឃើញអំពី UFO ទាំងនេះ មិនមានការបញ្ជាក់អំពីការបង្កគ្រោះថ្នាក់ណាមួយដល់ជីវិតមនុស្សនោះទេ ប៉ុន្តែរបាយការណ៍នេះត្រូវបានគេរក្សាទុកយកចិត្តបារម្ភ ខ្លាចក្រែងប៉ះពាល់លើសុវត្ថិភាពហោះហើរ ឬអំពើអមិត្តណាមួយមកពីខាងក្រៅ។

របាយការណ៍បានបន្តថា ការប្រទះឃើញទិដ្ឋភាពUFO ចំនួន 171កន្លែង គឺមិនមានលក្ខណៈផ្តល់ការធ្វើអត្ថាធិប្បាយបញ្ជាក់គ្រប់គ្រាន់ ដែលទាមទារឱ្យមានការវិភាគបន្ថែមទៀត ។ សេចក្តីរាយការណ៍បន្តថា គ្មានរបាយការណ៍ណាមួយត្រូវបានភ្ជាប់ថាការរកឃើញ UFO នេះមានសកម្មភាពជាប់ទាក់ទងនឹងប្រភពពីក្រៅផែនដីណាមួយនោះដែរ។ របាយការណ៍នេះកំពុងត្រូវបានពិនិត្យដោយការិយាល័យ AARO All-domain Anomaly Resolution Office ដែលជាការិយាល័យមួយនៅក្នុងក្រសួងការពារជាតិអាមេរិកដែលគេបាន បង្កើតកាលពីឆ្នាំ២០២២ដើម្បីពិនិត្យមើលឧប្បត្តិហេតុផ្សេងៗពាក់ព័ន្ធនឹង UAP ឬបាតុភូតហោះលើអាកាសដែលគេមិនស្គាល់អត្តសញ្ញាណ។

ឯកសាររដ្ឋាភិបាលសហរដ្ឋអាមេរិកបាននិយាយថា ការិយាល័យ AARO នឹងផ្តោតលើការទទួលនិងវិភាគហេតុការណ៍ជាមួយនឹងបាតុភូត ដែលមិនស្គាល់អត្តសញ្ញាណហើយនឹងធ្វើការជាមួយភ្នាក់ងារស៊ើបការណ៍សម្ងាត់ ដើម្បីវាយតម្លៃបន្ថែមអំពីឧប្បត្តិហេតុទាំងនោះ។
ប៊ីប៊ីស៊ីបានរាយការណ៍ថា កាលពីខែមុន អនុរដ្ឋមន្ត្រីសម្រាប់ព័ត៌មានសម្ងាត់និងសន្តិសុខរបស់ក្រសួងការពារជាតិអាមេរិក លោក Ronald Moultrie បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា គេ «មិនបានឃើញអ្វីដែលអាចនាំឱ្យមានការជឿថា អាចនឹងមានវត្ថុហោះណាមួយ ដែលរកឃើញថាមានប្រភពដើមមកពីភពខាងក្រៅ» នោះឡើយ។

លោក Ronald Moultrie បានបន្ថែមថា «ខ្ញុំមិនបានឃើញអ្វីនៅក្នុងការស្រាវជ្រាវទាំងនេះ ចាប់តាំងពីមុនរហូតមកទល់បច្ចុប្បន្នដែលបង្ហាញថាអាចមានជនចម្លែក Alien នៃមនុស្សក្រៅភពចូលមកក្នុងភពផែនដីរបស់យើង ឬការប៉ះទង្គិចរបស់មនុស្សពីភពក្រៅ ឬមានអ្វីដែលដូចឬជាប់ពាក់ព័ន្ធដល់មនុស្សនៅក្រៅភពនោះទេ»
ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែង នៅតែបន្តថែមទៀតដើម្បីរកការកំណត់ថាតើ UFOs ដែលគេបានរាយការណ៍តាមរយៈការប្រទះឃើញទាំងនោះ ពិតជាមានប្រភពដើមនៅលើផែនដីមែនដែរឬទេ។ លោក Ronald Moultrie បានបន្តថា «ក្នុងភាពមិនអាចរកឃើញដែលយើងមិនអាចដោះស្រាយបាន ដែល UFOs នោះជាអ្វី យើងនឹងសន្មតថាវាប្រហែលជារឿងចង់បង្កសត្រូវ»។ ហើយដូច្នេះ យើងត្រូវតែយកចិត្តទុកដាក់ខ្លាំងចំពោះរឿងនោះ»