(តូក្យូ)៖ នៅថ្ងៃចន្ទនេះ ជប៉ុននិងឥណ្ឌាបានចាប់ផ្តើម ការធ្វើសមយុទ្ធយន្តហោះចម្បាំងរួមគ្នាជាលើកដំបូង នៅក្បែរទីក្រុងតូក្យូ ស្របពេលដែលប្រទេសទាំងពីរ បានបង្កើនចំណងទាក់ទងផ្នែកការពារជាតិនិងសន្តិសុខ ជាមួយក្រសែភ្នែកសម្លឹងមើលទៅលើ ការកើនឡើងនៃអានុភាពយោធារបស់ចិននៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣។

ក្រសួងការពារជាតិជប៉ុនបានឱ្យដឹងថា សមយុទ្ធយោធានេះមានរយៈពេលសរុប១១ថ្ងៃ ហើយនឹងមានការចូលរួមពីសំណាក់ យន្តហោះចម្បាំងជប៉ុន៨គ្រឿង ខណៈខាងភាគីឥណ្ឌាបញ្ជូនយន្តហោះចម្បាំង៤គ្រឿង ព្រមទាំងយន្តហោះដឹកជញ្ជូន២គ្រឿង និងយន្តហោះសម្រាប់ចាក់សាំងលើអាកាស១គ្រឿង មកចូលរួម។ កងទ័ពអាកាសឥណ្ឌាប្រហែល១៥០នាក់ ត្រូវចូលរួមក្នុងលំហាត់យោធានេះ នៅឯមូលដ្ឋានទ័ពអាកាស ហ៉ីយ៉ាគូរិ (Hyakuri) ក្នុងខេត្តអ៉ីបារ៉ាគិ (Ibaraki) ភាគឦសានទីក្រុងតូក្យូ។

សមយុទ្ធយោធារួមខាងលើ ត្រូវបានព្រមព្រៀងដោយប្រទេសទាំងពីរ កំលុងកិច្ចពិភាក្សារវាងក្រុមរដ្ឋមន្រ្តីការពារជាតិ និងរដ្ឋមន្រ្តីការបរទេសជប៉ុន-ឥណ្ឌា តាំងតែពីឆ្នាំ២០១៩មកម្ល៉េះ ប៉ុន្តែវាត្រូវបានពន្យារពេលដោយសារការផ្ទុះឡើង នៃជំងឺរាតត្បាតកូវីដ១៩។

គួរបញ្ជាក់ថា ជប៉ុននិងឥណ្ឌា រួមជាមួយអូស្រ្តាលីនិងសហរដ្ឋអាមេរិក ស្ថិតក្នុងសម្ព័ន្ធភាពចតុភាគីមួយហៅថា ក្វាដ (Quad) ដែលត្រូវបានក្រុមអ្នកវិភាគមើលឃើញថា បង្កើតឡើងដើម្បីទប់ទល់នឹងការកើនឡើង នៃឥទ្ធិពលយោធានិងសេដ្ឋកិច្ចរបស់ប្រទេសចិន៕