(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឲ្យដឹងថា កងទ័ពជើងទឹកចិនបានធ្វើសមយុទ្ធជាបន្តបន្ទាប់ នៅឯសមុទ្រចិនខាងត្បូង ស្របពេលដែលក្រុមនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក ក៏បានចាប់ផ្តើមការហ្វឹកហ្វឺនវាយប្រហារតាមផ្លូវសមុទ្រ នៅទីតាំងដែនទឹកដ៏រស៉ើបមួយនេះផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣។

ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់កងទ័ពរំដោះប្រជាជនចិន (PLA) គេហទំព័រព័ត៌មាន Global Times បានរាយការណ៍ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា ក្រុមនាវាយោធាចិនដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំង សានទុង (Shandong) បានធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង។ សេណារីយ៉ូនៃសមយុទ្ធនោះ គឺដើម្បីឆ្លើយតបការវាយប្រហារពីក្រុមយន្តហោះសត្រូវ ក្រុមយន្តហោះចម្បាំងចិន J-15 បានហោះចេញពីនាវាសានទុង ហើយហ្វឹកហាត់ការស្ទាក់យន្តហោះសត្រូវទាំងនោះ។ ក្រុមនាវាយោធាចិន ក៏បានអនុវត្តការវាយប្រហារ និងការការពារលើផ្ទៃទឹក លើអាកាស និងក្នុងទឹក ផងដែរ។

សេចក្តីរាយការណ៍នេះបានកើតឡើង ស្របពេលដែលកងទ័ពជើងទឹកអាមេរិក បាននិយាយថា ក្រុមនាវាយោធារបស់ខ្លួន ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំង នីមីត្ស៍ (Nimitz) ក៏កំពុងធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូងផងដែរ ដែលជាផ្នែកមួយនៃ «ប្រតិបត្តិការជាប្រចាំនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។ អ្នកជំនាញផ្នែកការពារជាតិចិនបាននិយាយថា សកម្មភាពរបស់នាវាផ្ទុកយន្តហោះអាមេរិកនៅសមុទ្រចិនខាងត្បូង គឺមិនសូវមានសារសំខាន់ផ្នែកយោធានោះឡើយ ហើយនឹងបង្កើនភាពតានតឹងក្នុងតំបន់បន្ថែមប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២២ យោធាអាមេរិកបានអះអាងថា យន្តហោះចម្បាំង J-11 របស់ចិន បានហោះហើរទៅកៀកក្នុងចម្ងាយត្រឹមតែ ៦ម៉ែត្រប៉ុណ្ណោះ ពីយន្តហោះស៊ើបការណ៍​អាមេរិក RC-135 នៅលើសមុទ្រចិនខាងត្បូង ដែលបង្ខំឲ្យពីឡុតរបស់ខ្លួនបើកគេច។ ប៉ុន្តែក្រសួងការពារជាតិចិនបានច្រានចោលការអះអាងនេះថា ជាការបង្កាច់បង្ខូច និងបំភាន់៕