(កៀវ)៖ អភិបាលតំបន់ឌីនីប្រូផេត្រូវ (Dnipropetrovsk) បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ចំនួនអ្នកដែលស្លាប់នៅទីក្រុងឌីនីប្រូ (Dnipro) ក្រោយការវាយប្រហារមីស៉ីលរបស់រុស្ស៉ី កាលពីចុងសប្តាហ៍មុន បានកើនដល់៣៥នាក់ ខណៈជោគវាសនារបស់មនុស្ស ៣៥នាក់ផ្សេងទៀត គឺមិនដឹងជាយ៉ាងណានោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣។

ទីក្រុង Dnipro និងកន្លែងដទៃទៀតរបស់អ៊ុយក្រែន រួមមានទាំងរដ្ឋធានីកៀវ បានរងការវាយប្រហារតាមផ្លូវអាកាសក្នុងទ្រង់ទ្រាយធំ សាជាថ្មីម្តងទៀតពីកងកម្លាំងរុស្ស៉ី កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ។ ស្របពេលដែលទីក្រុងកៀវ និងតំបន់ដទៃ រងការវាយប្រហារភាគច្រើនចំហេដ្ឋារចសម្ព័ន្ធសំខាន់ៗ នៅទីក្រុង Dnipro សំណង់អគារផាតមិនមួយខ្នងកម្ពស់៩ជាន់ ដែលផ្ទុកបន្ទប់ស្នាក់នៅ​ជាច្រើន គឺត្រូវបានមីស៉ីលរុស្ស៉ីបាញ់ចំ ហើយរងការបំផ្លិចបំផ្លាញយ៉ាងដំណំ ដោយអគារមួយផ្នែកធំបានដួលរលំតែម្តង។ បើយោងតាម​អាជ្ញាធរអ៊ុយក្រែន លទ្ធិភាពអាចរកឃើញអ្នកនៅរស់ក្រោមគំនរបាក់បែក គឺស្តួចស្តើងខ្លាំងណាស់ ខណៈពេលវេលាកាន់តែកន្លង​ផុតទៅ។

គួរបញ្ជាក់ថា អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអ៊ុយក្រែន ព្រមទាំងសម្ព័ន្ធមិត្តដទៃទៀតរបស់ទីក្រុងកៀវ បានចេញមុខថ្កោលទោសខ្លាំងៗ ចំពោះការវាយប្រហារកាលពីថ្ងៃសៅរ៍របស់រុស្ស៉ី ស្របពេលដែលប្រធានាធិបតីអ៊ុយក្រែន បានបន្តទទូចសុំជាថ្មីទៀតឱ្យ ក្រុមប្រទេសលោកខាងលិចផ្តល់សព្វាវុធ​បន្ថែម៕