(កដ្ឋមណ្ឌូ)៖ នាថ្ងៃចន្ទនេះ នេប៉ាល់បានធ្វើការកាន់ទុក្ខទូទាំងប្រទេសសម្រាប់ ជនរងគ្រោះក្នុងហេតុការណ៍ធ្លាក់យន្តហោះដឹកអ្នកដំណើរមួយគ្រឿង កាលពីថ្ងៃអាទិត្យកន្លងទៅ ខណៈប្រតិបត្តិការរុករកបានបន្តឡើងវិញ ដើម្បីស្វែងរកមនុស្ស៤នាក់ដែលបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣។

មកទល់ពេលនេះ ក្រុមសង្រ្គោះបានរកឃើញសាកសព៦៨នាក់ ក្នុងចំណោមមនុស្ស៧២នាក់ ដែលមានវត្តមាននៅលើយន្តហោះ ATR 72 របស់ក្រុមហ៊ុនអាកាសចរណ៍ Yeti Airlines នៅពេលវាធ្លាក់ក្នុងទីក្រុងប៉ូខារ៉ា (Pokhara) មុនពេលចុះចតតែបន្តិចប៉ុណ្ណោះ នៅក្រោមលក្ខខណ្ឌអាកាសធាតុល្អធម្មតា។

យន្តហោះខាងលើ មានគោលដៅមកពីរដ្ឋធានីកដ្ឋមណ្ឌូរបស់នេប៉ាល់ ដោយផ្ទុកអ្នកដំណើរ៦៨នាក់ និងក្រុមសហសេវិក៤នាក់ ដែលរួមមានជនជាតិនេប៉ាល់៥៧នាក់ ឥណ្ឌា៥នាក់ រុស្ស៉ី៤នាក់ កូរ៉េខាងត្បូង២នាក់ អាហ្សង់ទីន១នាក់ អៀរឡង់១នាក់ អូស្រ្តាលី១នាក់ និងបារាំង១នាក់។

ទន្ទឹមគ្នា ក្រៅពីស្វែងរកអ្នកបាត់ខ្លួន ក្រុមសង្រ្គោះក៏កំពុងតាមរកប្រអប់ខ្មៅរបស់យន្តហោះផងដែរ ដែលជាប្រអប់ដ៏សំខាន់ចំនួន២ គឺមួយសម្រាប់កត់ត្រាសំឡេង និងមួយទៀតសម្រាប់កត់ត្រាទិន្នន័យហោះហើរ។ រដ្ឋាភិបាលនេប៉ាល់ បានបង្កើតគណៈកម្មការមួយ ដើម្បីបើកការស៉ើបអង្កេតលើសោកនាដកម្មនេះ និងដើម្បីផ្តល់យោបល់កុំឱ្យឧប្បត្តិហេតុដូចគ្នាកើតឡើងទៀត នាពេលអនាគត។

គួរបញ្ជាក់ថា ហេតុការណ៍ខាងលើ គឺជាគ្រោះថ្នាក់ធ្លាក់យន្តហោះផ្តាច់ជីវិតមនុស្សច្រើនជាងគេ នៅប្រទេសនេប៉ាល់ គិតចាប់តាំងតែពីឆ្នាំ១៩៩២មក នៅពេលយន្តហោះ Airbus A300 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន បានធ្លាក់ពេលឆ្ពោះទៅចុះចត នៅទីក្រុងកដ្ឋមណ្ឌូ ហើយបណ្តាលឱ្យមនុស្សទាំង ១៦៧នាក់ជិះលើនោះស្លាប់ទាំងអស់៕