(បាដាដ)៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក មហាំម៉េត អាល់ស៊ូដានី (Mohammed al-Sudani) បានការពារវត្តមានទាហានអាមេរិកនៅក្នុងប្រទេសរបស់លោក ហើយមិនបានកំណត់ពេលវេលាសម្រាប់ការដកទ័ពរបស់ពួកគេទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣។

ដោយសំដៅដល់កងទ័ពអាមេរិក និងអង្គការណាតូ (NATO) ដែលកំពុងហ្វឹកហ្វឺននិងជួយដល់អង្គភាពអ៊ីរ៉ាក់ទប់ទល់នឹងក្រុម ISIS លោក ស៊ូដានី បានប្រាប់បទសម្ភាសន៍ជាមួយកាសែត Wall Street Journal ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា យើងនៅតែត្រូវការកងកម្លាំងបរទេស ហើយការលុបបំបាត់ក្រុម ISIS ត្រូវការពេលវេលាបន្ថែមទៀត។

លោក ស៊ូដានី ដែលបានចូលកាន់តំណែងជានាយករដ្ឋមន្រ្តីអ៉ីរ៉ាក់កាលពីខែតុលា ឆ្នាំ២០២២ ក៏បានបញ្ជាក់ផងដែរថា លោកគ្រោងនឹងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាជាមួយមន្ត្រីសហរដ្ឋអាមេរិកនៅខែកុម្ភៈ ខាងមុខនេះ ដោយបន្ថែមថាអ៊ីរ៉ាក់ចង់មានទំនាក់ទំនងស្រដៀងគ្នាជាមួយទីក្រុងវ៉ាស៊ីនតោន ដូចជាប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសផលិតប្រេង ឧស្ម័ន នៅឈូងសមុទ្រពែក្ស ដទៃទៀតដែរ។

គួរបញ្ជាក់ថា អ៉ីរ៉ាក់ ដែលជាប្រទេសផលិតប្រេងឆៅធំជាងគេទីពីរនៅក្នុងអង្គការនៃប្រទេសនាំចេញប្រេង បន្ទាប់ពីអារ៉ាប៊ីសាអូឌីត កំពុងប្រឈមនឹងឧបសគ្គដ៏ធំទាំងសេដ្ឋកិច្ច និងរដ្ឋាភិបាលដែលញាំញីដោយអំពើពុករលួយ និងការគំរាមកំហែងផ្នែកសន្តិសុខ។ រយៈពេល ២០ឆ្នាំបន្ទាប់ពីប្រតិបត្តិការផ្តួលរំលំរបបលោក សាដាម ហ៊ូសេន ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងបាដាដ បានព្យាយាមរក្សាទំនាក់ទំនងគ្នាដោយភាពប្រុងប្រយ័ត្ន៕