(ហ្សាកាតា)៖ គ្រោះរញ្ជួយដីក្រោមបាតសមុទ្រដ៏ខ្លាំងក្លាមួយ បានអង្រួនភាគខាងលិចប្រទេសឥណ្ឌូណេស៊ីនៅព្រឹកថ្ងៃចន្ទនេះ ប៉ុន្តែនៅមិនទាន់មានសេចក្តីរាយការណ៍អំពីការខូចខាតធ្ងន់ធ្ងរ ឬអ្នករងរបួសនោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣។

ទីភ្នាក់ងារភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថាការរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានកើតឡើងនៅចម្ងាយ៤៨គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃទីក្រុងស៉ីងគីល (Singkil) ដែលជាតំបន់ឆ្នេរសមុទ្រក្នុងខេត្តអាឆេ (Aceh) ក្នុងជម្រៅ ៣៧គីឡូម៉ែត្រ។ វាបានកើតឡើងនៅម៉ោងប្រហែល ៦និង៣០នាទីព្រឹក (ម៉ោងក្នុងតំបន់)។

ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូមិសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៊ី (BMKG) ក៏បានដាក់កម្រិតនៃការញ្ជួយនេះក្នុងកម្រិត ៦.២រ៉ិចដូចគ្នា ប៉ុន្តែបានបញ្ជាក់ថាគ្មានការគំរាមកំហែងពីរលកយក្សស៊ូណាមិនោះទេ។ ការរញ្ជួយដីបានធ្វើឲ្យមនុស្សម្នាភ័យស្លន់ស្លោ និងមានអារម្មណ៍ថារំញ័រចន្លោះពី៣ ទៅ១០វិនាទីម្តង នៅក្នុងស្រុកចំនួន៤ ក្នុងខេត្តអាឆេ និងភាគខាងជើងនៃកោះស៊ូម៉ាត្រា។ ភ្លាមៗនេះនៅមិនមានរបាយការណ៍អំពីអ្នកស្លាប់ ឬការខូចខាតធំដុំនោះទេ។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី ដែលជាប្រជុំកោះដ៏ធំដែលមានប្រជាជនជាង ២៧០លាននាក់ តែងតែរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដី និងការផ្ទុះភ្នំភ្លើង ដោយសារតែទីតាំងរបស់ប្រទេសនេះស្ថិតនៅលើចំណុច «Ring of Fire» ជាតំបន់អាក់ភ្នំភ្លើងនិងខ្សែបន្ទាត់នៃអាងក្រោមបាតមហាសមុទ្រប៉ាស៉ីហ្វិក៕