(កាប៊ុល)៖ អតីតតំណាងរាស្ត្រជាស្ត្រីអាហ្វហ្កានីស្ថាន និងអង្គរក្សម្នាក់របស់លោកស្រី ត្រូវបានគេបាញ់សម្លាប់នៅឯផ្ទះរបស់លោកស្រីក្នុងរដ្ឋធានីកាប៊ុល ប្រទេសអាហ្កានីស្ថាន។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣។

លោកស្រី មួរសាល់ ណាប៊ីនហ្សាដា (Mursal Nabizada) ធ្លាប់ជាសមាជិកតំណាងរាស្ត្រម្នាក់ នៅក្រោមអតីតរដ្ឋាភិបាលអាហ្វហ្កានីស្ថានគាំទ្រដោយសហរដ្ឋអាមេរិក ត្រូវបានបណ្ដេញចេញពីអំណាច ដោយពួកតាលីបង់ កាលពីខែសីហា ឆ្នាំ២០២១។ លោកស្រីស្ថិតនៅក្នុងចំណោមសមាជិកតំណាងរាស្ត្រជាស្ត្រីមួយចំនួន នៃសភាជាតិអាហ្កានីស្ថានដែលសម្រេចចិត្តបន្តស្ថិតនៅក្នុងរដ្ឋធានីកាប៊ុល ក្រោយ ការឡើងកាន់អំណាចរបស់តាលីបង់។

អ្នកនាំពាក្យប៉ូលិសប្រចាំរដ្ឋធានីកាប៊ុល លោក ខឡេត ហ្សាដរ៉ាន់ (Khalid Zadran) បានគូសបញ្ជាក់កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដូច្នេះថា «លោកស្រី Nabizada រួមជាមួយអង្គរក្សម្នាក់ ត្រូវបានបាញ់សម្លាប់នៅឯផ្ទះរបស់លោកស្រី»។ លោកបន្ថែមថាកងកម្លាំងសន្តិសុខបានចាប់ផ្ដើមការស៊ើបអង្កេត។

គួរបញ្ជាក់ថា បើតាមប៉ូលិសអាហ្វហ្កានីស្ថាន ការបាញ់សម្លាប់លោកស្រី Nabizada បានកើតឡើងនៅម៉ោង៣ទៀបភ្លឺ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ហើយសមាជិកគ្រួសារម្នាក់ រួមទាំង អង្គរក្សម្នាក់បានរងរបួស ខណៈអង្គរក្សទី៣ បានគេចខ្លួនដោយយកទៅជាមួយគ្រឿងលង្កា និងលុយមួយចំនួន៕