(មីនស្កិ៍)៖ បេឡារុស បាននិយាយថា សមយុទ្ធទ័ពអាកាសរបស់ខ្លួនជាមួយរុស្ស៊ីដែលចាប់ផ្តើមនៅថ្ងៃចន្ទនេះ ផ្ដោតជាសំខាន់លើការការពារខ្លួនសុទ្ធសាធ និងជាការត្រៀមលក្ខណៈទុកជាមុនសម្រាប់ បេសកកម្មប្រយុទ្ធដែលអាចកើតមានតែប៉ុណ្ណោះ ខណៈសមយុទ្ធនេះបានកើតឡើងចំពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ទីក្រុងមូស្គូកំពុងជំរុញទីក្រុងមីនស្កិ៍( Minsk) ឲ្យចូលរួមក្នុង សង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣។

លោក ប៉ាវែល ម៊ូរ៉ាវ៉េកូ (Pavel Muraveyko) អនុប្រធានទីមួយនៃក្រុមប្រឹក្សាសន្តិសុខជាតិបេឡារុស បានគូសបញ្ជាក់ថា «សមយុទ្ធនេះគឺជាការត្រៀមលក្ខណៈការពារខ្លួនសុទ្ធសាធ។ វាជាផ្នែកមួយ នៃវិធានការការពារតាមផ្លូវអាកាសរបស់យើង និងរុស្ស៊ី ដើម្បីអនុវត្តបេសកកម្មប្រយុទ្ធដែលពាក់ព័ន្ធ»

លោក ម៊ូរ៉ាវ៉េកូ បានបន្ថែមថា «សមយុទ្ធនេះដែលនឹងចាប់ផ្ដើមនៅថ្ងៃចន្ទ ទី១៦ ខែមករានេះ រហូតដល់ថ្ងៃទី១ ខែកុម្ភៈ គឺពាក់ព័ន្ធនឹងការហ្វឹកហ្វឺនសម្រាប់ការឈ្លបយកការណ៍តាមអាកាស ការទប់ទល់នឹងការវាយប្រហារតាមផ្លូវអាកាស និងគ្រប់គ្រងប្រព័ន្ធទំនាក់ទំនងផ្លូវអាកាស»

គួរបញ្ជាក់ថា ការបង្កើនវត្តមានកងទ័ពរុស្ស៊ីនៅក្នុងប្រទេសបេឡារុស រួមជាមួយនឹងសកម្មភាពយោធាដ៏ខ្លាំងក្លានៅក្នុងប្រទេសនេះ បាននិងកំពុងបង្កឱ្យមានការព្រួយបារម្ភពីលទ្ធភាពដែលបេឡារុស អាចលូកដៃចូលជួយរុស្ស៉ីយ៉ាងពេញទីក្នុងសង្រ្គាមនៅអ៊ុយក្រែន។ បេឡារុសជារឿយៗបានអះអាងថាខ្លួនគ្មានបំណងចូលរួមក្នុងសង្រ្គាមនៅអ៊ុយក្រែនឡើយ ប៉ុន្តែការពិតជាក់ស្ដែងទីក្រុងមីនស្កិ៍បានបើក ដៃឱ្យរុស្ស៉ីប្រើប្រាស់ទឹកដី និងមូលដ្ឋានទ័ពរបស់ខ្លួន ដើម្បីបើកការឈ្លានពានលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕