(មូស្គូ)៖​ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែន កំពុងដំណើរការទៅមុខតាមផែនការ ហើយលោកផ្ទាល់សង្ឃឹមថាកងទ័ពរបស់លោកនឹង សម្រេចបានជ័យជម្នះបន្ថែមទៀត បន្ទាប់ពីទីក្រុងមូស្គូ អះអាងពីការវាយកាន់កាប់បានទីក្រុងសូឡេដា (Soledar) ស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃចន្ទ​ ទី១៦ ខែមករា ឆ្នាំ២០២៣។

រុស្ស៉ីកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានប្រកាសថាកងទ័ពរបស់ខ្លួន បានវាយកាន់កាប់បានទីក្រុងសូឡេដា ទាំងស្រុង ហើយដែលនេះគឺជាជ័យជម្នះរបស់កម្រមួយរបស់ទីក្រុងមូស្គូ ក្រោយទទួលបរាជ័យ នៅលើសមរភូមិក្នុងរយៈពេលជាច្រើនខែមកនេះ។ នៅពេលត្រូវបានសាកសួរពីការដណ្ដើមបានទីក្រុងរ៉ែអំបិលរបស់អ៊ុយក្រែននេះដែរ លោក ពូទីន បានគូសបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយ ទូរទស្សន៍រុស្ស៉ី រ៉ូសស៊ីយ៉ា វ័ន (Rossiya 1) កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ យ៉ាងដូច្នេះថា «អ្វីៗកំពុងដំណើរការទៅមុខនៅក្នុងក្របខណ្ឌនៃការផែនការរបស់ក្រសួងការពារជាតិ និងអគ្គសេនាធិការ...ហើយខ្ញុំសង្ឃឹមថាអ្នកប្រយុទ្ធរបស់យើងនឹងសម្រេចបានជ័យជម្នះបន្ថែម នៅក្នុងសមរភូមិប្រយុទ្ធរបស់ពួកគេ»

គួរបញ្ជាក់ថា លោក ពូទីន នាពេលបច្ចុប្បន្ន នៅតែអះអាងថាសង្រ្គាមឈ្លានពានរបស់លោកនៅក្នុងប្រទេសអ៊ុយក្រែន គឺជាការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងពីខាងក្រៅដល់សន្តិសុខជាតិរុស្ស៉ី ពីសំណាក់លោកខាងលិច ដោយសង្កត់ធ្ងន់វាមិនមែនជាជម្លោះរវាងរុស្ស៉ី និងអ៊ុយក្រែននោះទេ។ លោក ពូទីន ក៏បានគំរាមដែរថាលោកនឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដើម្បីការពារជាតិ និងប្រជាជនប្រឆាំងនឹងពួកឈ្លានពាន។ ប៉ុន្តែ សហរដ្ឋអាមេរិក អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចបានថ្កោលទោសលើសង្រ្គាមរបស់លោក ពូទីនថាចេតនាវាតទីទឹកដី រីឯអ៊ុយក្រែន បានប្ដេជ្ញានឹង តស៊ូប្រយុទ្ធរហូតទាល់តែកងទ័ពរុស្ស៉ីត្រូវបានបណ្ដេញ ឬដកថយទាំងអស់ចេញពីទឹកដីរបស់ខ្លួន៕