(បរទេស)៖ បន្ទាប់ពីរដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិកបានចូលរួមយុទ្ធនាការហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok នៅលើទូរស័ព្ទ និងឧបករណ៍ផ្សេងៗទៀតរបស់មន្ត្រីរដ្ឋាភិបាល ពេលនេះទទួលបានដំណឹងថា រដ្ឋដ៏ធំរបស់សហរដ្ឋអាមេរិកមួយថ្មីទៀតគឺ Kentucky ក៏កំពុងតែចូលរួមផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

រដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិកបាននិយាយថាខ្លួន បានធ្វើបច្ចុប្បន្នភាពសៀវភៅណែនាំដល់បុគ្គលិករបស់ខ្លួន ដើម្បីរារាំងបុគ្គលិករដ្ឋពីការប្រើប្រាស់ឧបករណ៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្នុងការចូលប្រើកម្មវិធីដែលគ្រប់គ្រងដោយចិន។ ដោយឡែកកាលពីសប្តាហ៍មុន អភិបាលរដ្ឋ Wisconsin, North Carolina, Ohio, New Jersey និងរដ្ឋ Arkansas ក៏ទើបតែចុះហត្ថលេខាលើបទបញ្ជាហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok នៅលើឧបករណ៍រដ្ឋាភិបាលផងដែរ។

ពាក់ព័ន្ធនឹងករណីនេះត្រូវបានប្រភពឱ្យដឹងថា តាមបណ្តាលរដ្ឋមួយចំនួន មិនត្រឹមតែមានការហាមប្រាមទៅលើកម្មវិធី TikTok ប៉ុណ្ណោះទេ តួយ៉ាងដូចជារដ្ឋ New Jersey និង Wisconsin ក៏កំពុងហាមឃាត់អ្នកលក់កម្មវិធី ផលិតផល និងសេវាកម្មពីក្រុមហ៊ុនចិនផ្សេងទៀត រួមមាន Huawei, Hikvision , Tencent Holdings LTD , ZTE Corporation និង Kaspersky Lab។ ដោយឡែកការអំពាវនាវដើម្បីហាមឃាត់ TikTok ពីឧបករណ៍របស់រដ្ឋាភិបាលបានឡើងកំដៅបន្ទាប់ពីលោក Christopher Wray នាយក FBI របស់សហរដ្ឋអាមេរិកបាននិយាយកាលពីខែវិច្ឆិកាថាវាបង្កហានិភ័យសន្តិសុខជាតិ។

អស់រយៈពេល ៣ឆ្នាំមកនេះ TikTok បាននិងកំពុងស្វែងរកការធានាដល់ទីក្រុងវ៉ាស៊ីនតោនថាទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋអាមេរិកមិនអាចចូលប្រើប្រាស់បានទេ ហើយខ្លឹមសាររបស់វាមិនអាចត្រូវបានរៀបចំដោយបក្សកុម្មុយនិស្តចិន ឬអង្គភាពណាមួយដែលស្ថិតនៅក្រោមឥទ្ធិពលរបស់ទីក្រុងប៉េកាំងនោះទេ៕