(កៀវ)៖ អគ្គលេខាធិការអង្គការ NATO លោក ជែន ស្ដូលធិនបឺគ (Jens Stoltenberg) បាននិយាយថាទីក្រុងកៀវ អាចនឹងទទួលបានអាវុធធុនធ្ងន់កាន់តែច្រើនពីបណ្ដាប្រទេសលោកខាងលិច ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បានកោតសរសើរកងទ័ពរបស់លោកជុំវិញការអះអាងពីការកាប់កាន់ទីក្រុងសូឡេដា (Soledar) របស់អ៊ុយក្រែន បានទាំងស្រុង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣។

លោក ស្ដូលធិនបឺគ ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ មុននឹងកិច្ចប្រជុំមួយនៃក្រុមប្រទេស សម្របសម្រួលអាវុធឱ្យអ៊ុយក្រែន ប្រព្រឹត្តទៅនៅក្នុងសប្ដាហ៍នេះ។ ប្រមុខ NATO​ រូបនេះបានគូសបញ្ជាក់ដូច្នេះថា «ការសន្យាបញ្ជូនអាវុធធុនធ្ងន់កាលពីពេលថ្មីៗគឺពិតជាមានសារៈសំខាន់ ហើយខ្ញុំរំពឹងថានឹងមានការបញ្ជូនអាវុធធុនធ្ងន់កាន់តែច្រើន នៅពេលអនាគតដ៏ខ្លីខាងមុខ»

គួរបញ្ជាក់ថា ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានប្រកាសថា ចក្រភពអង់គ្លេសនឹងឱ្យរថក្រោះប្រយុទ្ធរបស់ខ្លួន ចំនួន១៤គ្រឿង រួមជាមួយកាំភ្លើងធំ បន្ថែមទៀតទៅអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស បានឱ្យដឹងថា រថក្រោះ ឆាលេនចឺ-ធូ (Challenger 2) មួយក្រុមចំនួន១៤គ្រឿង នឹងត្រូវបញ្ជូនទៅកាន់អ៊ុយក្រែន នៅប៉ុន្មានសប្តាហ៍ខាងមុខ ហើយប្រព័ន្ធកាំភ្លើងធំ AS90 ដែលអាចចល័តបានដោយខ្លួនឯងចំនួន៣០គ្រឿង នឹងទៅតាមក្រោយ។ ជាមួយគ្នានេះ ទីក្រុងឡុងដ៍ក៏នឹងចាប់ផ្តើមផ្តល់ការបណ្តុះបណ្តាលដល់ទាហានអ៊ុយក្រែន ស្តីពីការប្រើប្រាស់រថក្រោះ និងកាំភ្លើងធំទាំងនេះផងដែរ៕