(ប៉េកាំង)៖ អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យប្រទេសចិន បន្តបញ្ចេញព័ត៌មានអំពីស្ថានភាពនៃជំងឺកូវីដ១៩ របស់ខ្លួនបន្ថែមទៀត បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសថា មានអ្នកស្លាប់ជិត ៦០,០០០នាក់ត្រូវបានកាត់ត្រាចាប់តាំងពីដើមខែធ្នូមក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៥ ខែមករា​ ឆ្នាំ២០២៣។

សេចក្តីប្រកាសកាលពីចំនួនអ្នកស្លាប់កាលថ្ងៃសៅរ៍ គឺជាការជូនដំណឹងជាផ្លូវការលើកដំបូងចាប់តាំងពីប្រទេសចិន បានលុបចោលការរឹតបន្តឹងប្រឆាំងជំងឺកូវីដ១៩ ភ្លាមៗនៅក្នុងខែធ្នូ បើទោះបីជាការកើនឡើង នៃការឆ្លងបាននាំឱ្យមានលំហូរចូលមន្ទីរពេទ្យដ៏ច្រើនក៏ដោយ។ ប្រការនេះបាននាំឱ្យអង្គការសុខភាពពិភពលោក និងរដ្ឋាភិបាលផ្សេងទៀតអំពាវនាវឱ្យបញ្ចេញព័ត៌មានបន្ថែមទៀត ខណៈដែលសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសដទៃទៀតបានដាក់កម្រិតលើភ្ញៀវទេសចរមកពីប្រទេសចិន។

រដ្ឋាភិបាលចិនបាននិយាយថា ចន្លោះពីថ្ងៃទី០៨ ខែធ្នូ ដល់ថ្ងៃទី១២ ខែមករា មានមនុស្សចំនួន ៥,៥០៣នាក់បានស្លាប់ ដោយសារជំងឺផ្លូវដង្ហើមដែលបង្កឡើងដោយកូវីដ១៩ ហើយមនុស្សចំនួន ៥៤,៤៣៥នាក់ដែលមានជំងឺមហារីក ជំងឺបេះដូង និងជំងឺផ្សេងទៀតក៏បានស្លាប់ ក្រោយបានឆ្លងជំងឺកូវីដ១៩ផងដែរ។

សេចក្តីថ្លែងការណ៍របស់ WHO បាននិយាយថា ការប្រកាសនេះ​ជាការរួមចំណែកដល់ការយល់ដឹងកាន់តែប្រសើរឡើងអំពីស្ថានភាពជំងឺរាតត្បាតក្នុងប្រទេសចិន ដោយបានស្នើសុំចែករំលែកព័ត៌មានបែបនេះបន្ថែមទៀតជាមួយខ្លួន និងសាធារណៈជន៕