(តៃប៉ិ)៖ អនុប្រធានាធិបតីកោះតៃវ៉ាន់ លោក William Lai ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានថ្មី នៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាចនៅថ្ងៃអាទិត្យ (១៥ មករា) នេះ ដែលជាការត្រួសត្រាយផ្លូវសម្រាប់លោក ឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីនៅដើមឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣។

លោក Lai គឺជាបេក្ខភាពតែម្នាក់គត់របស់គណបក្ស DPP​ ដែលកំពុងកាន់អំណាច។ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានលាលែងពីតំណែងជាប្រធានគណបក្ស កាលពីខែវិច្ឆិកា បន្ទាប់ពីគណបក្សលោកស្រីត្រូវបានចាញ់នៅក្នុងការបោះឆ្នោតក្នុងស្រុក។

លោក Lai មិនបាននិយាយដោយផ្ទាល់ថា លោកមានបំណងឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីទេ ប៉ុន្តែត្រូវបានគេរំពឹងយ៉ាងទូលំទូលាយ។ លោកស្រី Tsai មិន​អាច​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​បាន​ទៀត​ទេ ដោយសារ​ការ​កំណត់​អាណត្តិ​របស់​រដ្ឋធម្មនុញ្ញ។

លោក Sidney Lin អគ្គលេខាធិការស្តីទីរបស់គណបក្ស DPP បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងតៃប៉ិថា លោក Lai បានឈ្នះការបោះឆ្នោត។ គាត់នឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃពុធសប្តាហ៍នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Lai បានសន្យាថា នឹងយកឈ្នះមកវិញនូវទំនុកចិត្តរបស់សាធារណជនសម្រាប់គណបក្ស និងការពារកោះតៃវ៉ាន់យ៉ាងរឹងមាំ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សន្តិភាព និងវិបុលភាពរបស់តៃវ៉ាន់នៅក្នុងបរិបទអន្តរជាតិដ៏ស្មុគស្មាញ។

អនុប្រធានធិបតីរូបនេះធ្លាប់បានខឹងនឹងទីក្រុងប៉េកាំង ដែលចាត់ទុកកោះតៃវ៉ាន់គ្រាន់តែជាខេត្តដែលវង្វេងផ្លូវ និងមិនមែនជាប្រទេសមួយ ដោយមានការគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពរបស់កោះនេះ និងអត្តសញ្ញាណដាច់ដោយឡែកពីគ្នា។

អតីតនាយករដ្ឋមន្ត្រី និងជាអភិបាលក្រុង Tainan ភាគខាងត្បូង លោក Lai បានធ្វើជាអនុប្រធានាធិបតីរបស់ Tsai ចាប់តាំងពីឆ្នាំ២០២០ បន្ទាប់ពីការឈ្នះឆ្នោតភ្លូកទឹកភ្លូកដីរបស់គណបក្ស DPP៕