Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UPDATE: ចំនួនអ្នកស្លាប់កើនដល់ ២០ ក្រោយការវាយប្រហាររបស់រុស្ស៉ីលើទីក្រុង Dnipro របស់អ៊ុយក្រែន ខណៈជាង ៤០នាក់បន្តបាត់ខ្លួន

15-01-2023 19:22

(កៀវ)៖ អភិបាល​តំបន់​បាន​និយាយ​នៅថ្ងៃអាទិត្យនេះ​ថា ចំនួន​អ្នកស្លាប់​ដោយសារ​ការ​វាយប្រហារ​ដោយ​មីស៊ីលរបស់​រុស្ស៊ី​លើ​ទីក្រុង Dnipro ភាគ​កណ្តាល​អ៊ុយក្រែន​បាន​កើនឡើង​ដល់ ២០នាក់​។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣។

លោក Valentyn Reznichenko ប្រធានរដ្ឋបាលយោធាក្នុងតំបន់ Dnipropetrovsk បាននិយាយនៅលើ Telegram ថា មនុស្សយ៉ាងហោចណាស់ ៧៣នាក់បានរងរបួស ដោយមាន ៤នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

លោក Reznichenko បានបន្ថែមទៀតថា មនុស្សប្រហែល ៤០នាក់នៅបន្តបាត់ខ្លួន បន្ទាប់ពីការវាយប្រហារមួយកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ដែលបានបំផ្លាញអគារអាផាតមិនចំនួន ៧២ខ្នង និងជាង២៣០ខ្នងទៀតរងការខូចខាត ដោយកត់សម្គាល់ថា ប្រតិបត្តិការជួយសង្គ្រោះនៅនឹងកន្លែងកំពុងដំណើរការនៅឡើយ។

ជុំវិញការប្រហារនេះ រុស្ស៊ី​នៅ​មិន​ទាន់​ឆ្លើយ​តប ឬ​ធ្វើ​អត្ថាធិប្បាយ​ណាមួយនៅឡើយទេ។

គួរបញ្ជាក់ថា អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអ៊ុយក្រែន ព្រមទាំងសម្ព័ន្ធមិត្តដទៃទៀតរបស់ទីក្រុងកៀវ បានចេញមុខថ្កោលទោសការវាយប្រហារនេះ ស្របពេលដែលប្រធានាធិបតីអ៊ុយក្រែន បានបន្តទទូចសុំជាថ្មីទៀតឱ្យ ក្រុមប្រទេសលោកខាងលិចផ្តល់សព្វាវុធ​បន្ថែម ដើម្បីជួយបញ្ចប់អំពើឃោរឃៅរបស់ទីក្រុងមូស្គូ៕