(កដ្ឋមណ្ឌូ)៖ មន្រ្តីប៉ូលិសនេប៉ាល់បានឱ្យដឹងថា ចំនួនអ្នកស្លាប់បានកើនដល់យ៉ាងហោចណាស់ ៦៧នាក់ បន្ទាប់ពីយន្តហោះមួយគ្រឿង ផ្ទុកមនុស្សសរុប៧២នាក់ បានធ្លាក់នៅភាគកណ្តាលប្រទេសនាថ្ងៃអាទិត្យនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣។

ប៉ូលិសនេប៉ាល់បានអះអាងថា មកទល់ពេលនេះ សាកសព៣១នាក់ត្រូវយកបាន ខណៈ៣៦នាក់ទៀតស្ថិតនៅជ្រលងជ្រោះជម្រៅប្រហែល៣០០ម៉ែត្រ ដែលយន្តហោះខាងលើបានធ្លាក់ចូលទៅ។ រីឯយោធានេប៉ាល់វិញបានប្រាប់ថា សាកសព២៩នាក់ត្រូវយកបាន ខណៈ៣៣នាក់ទៀត ស្ថិតនៅកន្លែងធ្លាក់យន្តហោះនៅឡើយ។ យោងតាមអាជ្ញាធរនេប៉ាល់ គឺពុំទាន់មានអ្នកនៅរស់ត្រូវបានរកឃើញនៅឡើយទេ។

គួរបញ្ជាក់ថា យន្តហោះខាងលើមានប្រភេទ ATR72-500 ធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ Yeti Airlines។ វាបានធ្លាក់នៅ​វេលាម៉ោងជិត១១នាទីព្រឹក (ម៉ោងក្នុងតំបន់) ពេលឆ្ពោះទៅបម្រុងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងប៉ូខារ៉ា (Pokhara) ដោយមាន​គោលដៅចេញពីរដ្ឋធានីកដ្ឋមណ្ឌូ។ នៅលើយន្តហោះមានក្រុមសហសេវិក៤នាក់ និងអ្នកដំណើរសរុប៦៨នាក់។ ក្នុងចំណោមអ្នកដំណើរ គឺមានជនបរទេស១៥នាក់ រួមមាន ឥណ្ឌា៥នាក់ រុស្ស៉ី៤នាក់ កូរ៉េ២នាក់ អូស្រ្តាលី១នាក់ អាហ្សង់ទីន១នាក់ អៀរឡង់១នាក់ និងបារាំង១នាក់៕