(ប៉េកាំង)៖ ទំហំពាណិជ្ជកម្មបរទេសរបស់ចិនបានលើសពី ៤០ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូង!ចិនបានរក្សាឋានៈជាប្រទេសធំខាងការធ្វើពាណិជ្ជកម្មទំនិញ ធំទី១លើពិភពលោកក្នុងរយៈពេល ៦ឆ្នាំជាប់ៗគ្នា! "តារាងពិន្ទុ"នៃពាណិជ្ជកម្មបរទេសរបស់ប្រទេសចិន ក្នុងឆ្នាំ២០២២ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី១៣ ខែមករា បានពង្រឹងបន្ថែមទៀតនូវជំនឿចិត្តរបស់សហគមន៍អន្តរជាតិ ចំពោះសេដ្ឋកិច្ចប្រទេសចិន។

តើភាពធន់និងភាពរស់រវើកនៃពាណិជ្ជកម្មបរទេសរបស់ចិនមកពីណា? បើមើលពីការនាំចេញអាចឃើញថា ចិនបានក្តាប់ជាប់នូវបញ្ហាគន្លឹះចំនួន២ ពោលគឺ"ទីផ្សារ"និង"ផលិតផល"។ យោងតាមទិន្នន័យនៃសមាគមន៍ឧស្សាហកម្មរថយន្តចិន បានបង្ហាញឱ្យឃើញថា ចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំ២០២២ សហគ្រាសផលិតរថយន្តចិនបាននាំចេញរថយន្តដើរដោយថាមពលថ្មីចំនួន៥៩ម៉ឺន៣ពាន់គ្រឿង ដែលកើនឡើងទ្វេដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ នេះគឺជាគំរូមួយ នៃការអភិវឌ្ឍពាណិជ្ជកម្មបរទេសរបស់ប្រទេសចិន។

នៅឆ្នាំ២០២២ "រង្វង់មិត្តភក្រ"នៃពាណិជ្ជកម្មបរទេសរបស់ប្រទេសចិនឱ្យបានពង្រឹងនិងពង្រីកឥតឈប់ឈរ៖ ឧទាហរណ៍ដូចជាការនាំចេញទៅកាន់ដៃគូពាណិជ្ជកម្មសំខាន់ៗដូចជាអាស៊ាននិងសហភាពអឺរ៉ុបជាដើម សុទ្ធតែបានរក្សាកំណើនយ៉ាងឆាប់រហ័ស ការនាំចេញទៅកាន់បណ្តាប្រទេសនៅ តាមបណ្តោយ"ខ្សែក្រវាត់និងផ្លូវ"បានកើនឡើង២០ភាគរយ ដែលជំរុញកំណើននៃការនាំចេញជាទូទៅ ឱ្យកើនឡើង៦.១ភាគរយ។ល។

បើមើលពីការនាំចូលអាចឃើញថា ទីផ្សារតម្រូវការក្នុងស្រុកប្រកបដោយសក្ដានុពលដ៏ធំធេងរបស់ប្រទេសចិន បានផ្តល់នូវការគាំទ្រយ៉ាងខ្លាំង។ ពីត្រីមាសទី១ដល់ទី៣នៃឆ្នាំ២០២២ ផលិត ផលក្នុងស្រុកសរុបរបស់ប្រទេសចិន បានឡើងដល់៨៧លាន២ម៉ឺន៦ពាន់៩រយលានយាន់ប្រាក់ចិន បើកគិតតាមតម្លៃថេរ បានកើនឡើង៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១។ សេដ្ឋកិច្ចទទួល បានការអភិវឌ្ឍប្រកបដោយ ស្ថិរភាពនិងភាពរឹងមាំ ហើយអ្នកប្រើប្រាស់មានជំនឿចិត្ត និងហ៊ានចំណាយប្រាក់។

ស្ថិរភាពនៃពាណិជ្ជកម្មបរទេសរបស់ប្រទេសចិនគឺទទួលបានអាស្រ័យដោយការគាំទ្រដ៏ខ្លាំងក្លានៃគោលនយោបាយផងដែរ។ ចាប់តាំងពីឆ្នាំ២០២២មក ដើម្បីជួយសហគ្រាសពាណិជ្ជកម្មបរទេសដោះស្រាយបញ្ហាដូចជាការដឹកជញ្ជូនទំនិញមិនសូវរលូន និងការលំបាកផ្នែកប្រាក់ទុកជាដើម រដ្ឋាភិបាលចិនបានដាក់ចេញវិធានការមួយចំនួនសម្រាប់ជំរុញស្ថិរភាពនិងលើកកម្ពស់គុណភាពនៃពាណិជ្ជកម្មបរទេស។ នៅឆ្នាំ២០២២ សហគ្រាសពាណិជ្ជកម្មបរទេសដែលទទលបានសមិទ្ធផលជាក់ស្តែងផ្នែកក្នុងការនាំចេញនាំចូល បានកើនឡើង៥.៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២១។

ក្នុងបរិបទនៃជំងឺកូវីដ១៩ ពាណិជ្ជកម្មបរទេសរបស់ប្រទេសចិនបានពង្រីកយ៉ាងពេញលេញនូវឧត្តមភាពដូចជាមានសមត្ថភាពផលិតកម្មយ៉ាងខ្លាំង និងខ្សែសង្វាក់ផ្គត់ផ្គង់មានភាពពេញ លេញជាដើម បានបំពេញបន្ថែមប្រកបដោយប្រសិទ្ធិភាព នូវកង្វះខាតផ្គត់ផ្គង់សកល ក៏ដូចជារួមចំណែកយ៉ាងសំខាន់ ដល់ការធ្វើពាណិជ្ជកម្មសកល និងការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភព លោក។ នាពេលបច្ចុប្បន្ននេះ ចំណែកទីផ្សារអន្តរជាតិនៃការនាំចេញរបស់ប្រទេសចិន បានឈានដល់១៤.៧ភាគរយ ដែលបានជាប់ចំណាត់ថ្នាក់ទី១ នៅលើពិភពលោកក្នុងរយៈពេល១៤ឆ្នាំជាប់ៗគ្នា។

ក្នុងពោលដំណាលគ្នា ប្រទេសចិនបានបន្តកាន់ឋានៈជាប្រទេសនាំចូលធំទី២ លើពិភពលោកក្នុងរយៈពេល១៣ឆ្នាំជាប់ៗគ្នា ជាទីផ្សារនាំចេញរបស់ប្រទេសនិងតំបន់ចំនួន ២១០ ហើយក៏ជាទីផ្សារនាំចេញដ៏សំខាន់របស់ប្រទេសនិងតំបន់ចំនួន៦០ផងដែរ។ នេះគឺជាការបង្ហាញពីកម្លាំងប្រកួតប្រជែងចម្រុះ នៃពាណិជ្ជកម្មបរទេសរបស់ប្រទេសចិន ក៏ដូចជាការបោះឆ្នោតគាំទ្រចំពោះពាណិជ្ជកម្មបរទេស របស់ប្រទេសចិនពីអ្នកប្រើប្រាស់ពិភពលោកផងដែរ។

នៅក្នុងសន្និសិទការងារសេដ្ឋកិច្ចមជ្ឈិមដែលបានធ្វើឡើង នៅចុងឆ្នាំ២០២២ "ការពង្រីកតម្រូវការក្នុងស្រុក" និង"ការប្រកាន់ខ្ជាប់ការជំរុញការបើកចំហចំពោះ ក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់" គឺជាពាក្យគន្លឹះសំខាន់ៗ។ នេះមានន័យថា នៅឆ្នាំ២០២៣ ពាណិជ្ជកម្មបរទេសរបស់ប្រទេសចិននឹងបន្តមានភាពរស់រវើកឥតឈប់ឈរ និងកម្លាំងចលករយ៉ាងខ្លាំងក្លា ដែលនឹងជួយឱ្យសេដ្ឋកិច្ចប្រទេសចិនដំណើរការកាន់តែលឿន និងបន្តក្លាយទៅជាក្បាលម៉ាស៊ីនដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន