(វ៉ាស៉ីនតោន)៖ ម្ចាស់សន្លឹកឆ្នោតម្នាក់នៅឯសហរដ្ឋអាមេរិក បានឈ្នះរង្វាន់ទឹកប្រាក់ចំនួនដល់ទៅ ១.៣៥ពាន់លានដុល្លារ ក្នុងកម្មវិធីឆ្នោតផ្សងសំណាង Mega Millions។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣។
អត្តសញ្ញាណអ្នកដែលឈ្នះ គឺមិនត្រូវទាន់បានដឹងជាសាធារណៈនៅឡើយទេ ប៉ុន្តែក្រុមអ្នករៀបចំកម្មវិធីឆ្នោតផ្សងសំណាងនេះ បានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា សន្លឹកឆ្នោតដែលឈ្នះរង្វាន់ទឹកប្រាក់ខ្ទង់ពាន់លានដុល្លារខាងលើ ត្រូវបានលក់នៅក្នុងរដ្ឋមេន (Maine)។ សន្លឹកឆ្នោតដែលថ្លៃត្រឹម២ដុល្លារប៉ុណ្ណោះនោះ ត្រូវបានគេទិញក្នុងហាងលក់ទំនិញ Hometown Gas & Grill ស្ថិតនៅក្រុងលីបាណុន។
ដើម្បីអាចបើកប្រាក់រង្វាន់ពេញ១.៣៥ពាន់លានដុល្លារនេះបាន អ្នកឈ្នះគឺតម្រូវឱ្យទទួលប្រាក់នេះក្នុងចំនួនកំណត់មួយជាប្រចាំឆ្នាំ សម្រាប់រយៈពេលសរុប២៩ឆ្នាំឯណោះ។ ហេតុដូច្នេះហើយ ម្ចាស់សន្លឹកឆ្នោតភាគច្រើនសុខចិត្តជ្រើសរើសយកជម្រើស បើកប្រាក់រង្វាន់សរុបតែម្តងវិញដែលឆាប់រហ័សជាង ប៉ុន្តែទឹកប្រាក់ត្រូវបានកាត់បន្ថយ។ យោងតាមការគណនា បើបើកសរុប ប្រាក់រង្វាន់១.៣៥ពាន់លានដុល្លារនោះ នឹងត្រូវថយមកនៅខ្ទង់៧២៤.៦លានដុល្លារ ពោលគឺខាតជាងពាក់កណ្តាល។
គួរបញ្ជាក់ថា ការចាប់ឆ្នោត Mega Millions នៅសហរដ្ឋអាមេរិក បានបន្តប្រព្រឹត្តទៅចាប់តាំងពី វារកឃើញអ្នកឈ្នះលើកចុងក្រោយ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅពេលប្រាក់រង្វាន់៥០២លានដុល្លារ ត្រូវបានចែករំលែករវាងសន្លឹកឆ្នោតដែលឈ្នះចំនួន២ នៅរដ្ឋកាលីហ្វរញ៉ា និងរដ្ឋផ្លូរីដា។ សម្រាប់រង្វាន់១.៣៥ពាន់លានដុល្លារខាងលើ គឺជារង្វាន់ទឹកប្រាក់ធំបំផុតលំដាប់ទី២ ក្នុងប្រវត្តិសាស្រ្តរយៈពេល២០ឆ្នាំមកនេះ នៃកម្មវិធីឆ្នោតផ្សងសំណាង Mega Millions។ រីឯរង្វាន់កំពូលលំដាប់ទី១ គឺទឹកប្រាក់១.៥៣៧ពាន់លានដុល្លារ ត្រូវបានឈ្នះនៅរដ្ឋការ៉ូលីណាខាងត្បូង កាលពីខែតុលា ឆ្នាំ២០១៨៕