(កដ្ឋមណ្ឌូ)៖ យន្តហោះមួយគ្រឿងដែលមានផ្ទុកមនុស្សសរុបចំនួន៧២នាក់ បានធ្លាក់នៅឯប្រទេសនេប៉ាល់ នាថ្ងៃអាទិត្យនេះ ហើយភ្លាមៗមិនទាន់ច្បាស់ថា មានអ្នកដែលបានរួចរស់ជីវិតពីហេតុការណ៍នេះ ដែរឬយ៉ាងណានៅឡើយទេ ខណៈសាកសពមនុស្សមួយចំនួន ត្រូវយកបានពីក្នុងយន្តហោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Yeti Airlines បានឱ្យដឹងថា មានអ្នកដំណើរ៦៨នាក់ និងក្រុមសហសេវិក៤នាក់ នៅលើយន្តហោះនោះ ហើយប្រតិបត្តិការជួយសង្រ្គោះកំពុងតែប្រព្រឹត្តទៅ។ ភ្លាមៗបែបនេះ គេមិនទាន់ច្បាស់ថា មានអ្នកនៅរស់រានមានជីវិតដែរឬក៏អត់នោះឡើយ បន្ទាប់ពីយន្តហោះខាងលើប្រភេទ ATR 72 បានធ្លាក់នៅចន្លោះរអាកាសយានដ្ឋាន ប៉ូខារ៉ា (Pokhara) ចាស់ ហើយនិងអាកាសយានដ្ឋានថ្មី ស្ថិតនៅភាគកណ្តាលប្រទេសនេប៉ាល់។

គួរបញ្ជាក់ថា យោងតាមអាជ្ញាធរនេប៉ាល់ ជាបឋម សាកសពមនុស្សសរុបចំនួន១៦នាក់ ត្រូវយកចេញមកបានពីក្នុងយន្តហោះ។ ដោយឡែក កាលពីខែឧសភា ឆ្នាំ២០២២ មនុស្សទាំង២២នាក់បានបាត់បង់ជីវិតទាំងអស់ នៅពេលយន្តហោះមួយគ្រឿង របស់អាកាសចរណ៍នេប៉ាល់ Tara Air បានធ្លាក់៕