(ប្រាស៉ីលីយ៉ា)៖ លោក អាន់ដឺសុន តូរេស (Anderson Torres) ដែលមានតួនាទីមើលការខុសត្រូវផ្នែកសន្តិសុខ នៅរដ្ឋធានីប្រាស៉ីលីយ៉ា នៃប្រទេសប្រេស៉ីល កំលុងពេលក្រុមអ្នកគាំទ្រអតីតប្រធានាធិបតី លោក ហ្សាអៀ បូលសូណារ៉ូ ចូលអុកឡុកអគាររដ្ឋាភិបាលយ៉ាងកក្រើក កាលពីសប្តាហ៍មុន ត្រូវបានអាជ្ញាធរប្រេស៉ីលចាប់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣។

លោក តូរេស ដែលជាអតីតរដ្ឋមន្រ្តីយុត្តិធម៌និងសន្តិសុខសាធារណៈ របស់លោក បូលសូណារ៉ូ ត្រូវបានក្រុមប៉ូលិសសហព័ន្ធរបស់ប្រេស៉ីល ចាប់ឃាត់ខ្លួននៅថ្ងៃសៅរ៍សប្តាហ៍នេះ ក្រោយត្រឡប់មកកាន់ប្រទេសអាមេរិកខាងត្បូងមួយនេះវិញ បន្ទាប់ពីលោកបានធ្វើវិស្សមកាលនៅរដ្ឋផ្លូរីដា (Florida) របស់​សហរដ្ឋអាមេរិក ជារដ្ឋដូចគ្នាដែលលោក បូលសូណារ៉ូ បានធ្វើដំណើរទៅកាន់ ក្រោយចាញ់ឆ្នោតប្រធានាធិបតីបច្ចុប្បន្ន គឺលោក ល្វីស អ៉ីណាស៉ីអូ លូឡា ដាស៉ីលវ៉ា។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែមករា មនុស្សរាប់ពាន់នាក់ ដែលជាអ្នកគាំទ្រលោក បូលសូណារ៉ូ បាននាំគ្នាចូលលុកលុយអគារសភាជាតិ ការិយាល័យប្រធានាធិបតី ព្រមទាំងតុលាការកំពូល រួចបានបង្កការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាច្រើន។ នៅពេលលោក លូឡា ដាស៉ីលវ៉ា ស្បថចូលកាន់តំណែងកាលពីដើមខែមករានេះ លោក តូរេស ត្រូវបានតែងតាំងឱ្យកាន់តួនាទីជា មន្រ្តីទទួលបន្ទុកកិច្ចការសន្តិសុខប្រចាំ​រដ្ឋធានីប្រាស៉ីលីយ៉ា ហើយបានធ្លាក់ពីតួនាទីវិញ នៅពេលកុបកម្មកើតឡើង។

តុលាការកំពូលប្រេស៉ីលបានចេញដីកាឱ្យចាប់ខ្លួន លោក តូរេស កាលពីថ្ងៃអង្គារសប្តាហ៍មុន ដោយចោទថារូបលោកជាប់សង្ស័យចូលដៃគ្នាជាមួយក្រុមកុបករ ហើយបរាជ័យក្នុងការទប់ស្កាត់សកម្មភាពវាយប្រហារនោះ ក្នុងនាមជាប្រមុខទទួលបន្ទុកផ្នែកសន្តិសុខរបស់រដ្ឋធានី។ ទន្ទឹមគ្នា តុលាការកំពូលប្រេស៉ីល ក៏បានយល់ព្រមបញ្ចូលលោក បូលសូណារ៉ូ ទៅក្នុងការស៉ើបអង្កេតជុំវិញករណីកុបកម្មថ្ងៃទី៨ មករា ផងដែរ៕