(មូស្គូ)៖ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី មេដវេដេវ ដែលជាមនុស្សជំនិតរបស់លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានចោទប្រកាន់លើនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) ថា ជាអ្នកបម្រើរបស់សហរដ្ឋអាមេរិក ហើយថែមទាំងបានផ្តល់យោបល់ ឱ្យលោកនាយករដ្ឋមន្រ្តីជប៉ុនធ្វើអត្តឃាត ដើម្បីលុបលាងភាពអាម៉ាស់ទៀតផង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣។

លោក មេដវេដេវ បានបញ្ចេញប្រតិកម្មខ្លាំងៗដូចខាងលើនេះ ក្នុងការឆ្លើយតបចំពោះជំនួបកាលពីថ្ងៃសុក្រ រវាងលោក គីស៉ីដា ហើយនិងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅឯទីក្រុងវ៉ាស៉ីនតោន ដែលមេដឹកនាំទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមថា «យើងសូមនិយាយឱ្យច្បាស់ៗថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយដោយរុស្ស៉ីនៅអ៊ុយក្រែន នឹងត្រូវចាត់ទុកជាទង្វើបង្កអរិភាពប្រឆាំងនឹងមនុស្សជាតិទាំងមូល ហើយគ្មានហេតុផលណា ដែលអាចទទួលយកបានដាច់ខាត»

លោកអតីតប្រធានាធិបតីរុស្ស៉ី បានក៏បានលើកឡើងថា សេចក្តីថ្លែងការណ៍រួមនោះ បានឱ្យឃើញនូវ «ជំងឺភ័យខ្លាចឥតទំនង» ចំពោះរុស្ស៉ី ហើយក្បត់ការចងចាំនៃប្រជាជនជប៉ុនរាប់ម៉ឺននាក់ ដែលបានស្លាប់ក្នុងភ្លើងអាវុធនុយក្លេអ៊ែរនៅទីក្រុងហ៉ីរ៉ូស៉ីម៉ានិងណាហ្កាសាគី។ លោក មេដវេដេវ ចង់សំដៅលើគ្រាប់បែកបរមាណូ២គ្រាប់ ដែលសហរដ្ឋអាមេរិកបានទម្លាក់លើជប៉ុន ដើម្បីបង្ខំឱ្យទីក្រុងតូក្យូចុះចាញ់សង្រ្គាមលោកលើកទី២។

លោក មេដវេដេវ បានសង្កត់ធ្ងន់ថា ជាជាងទាមទារឱ្យអាមេរិកទទួលស្គាល់បញ្ហានេះ លោក គីស៉ីដា បែរជាបង្ហាញថា​ រូបលោកគ្រាន់តែជា​អ្នកបម្រើរបស់អាមេរិកទៅវិញ ខណៈភាពអាម៉ាស់ខ្លាំងបែបនេះ គឺអាចត្រូវលុបលាងឱ្យជ្រះវិញបាន លុះត្រាតែលោក គីស៉ីដា ធ្វើអត្តឃាតខ្លួនឯង ដោយការវះពោះប៉ុណ្ណោះ។

គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែនមក លោក មេដវេដេវ បានព្រមានជាច្រើនលើកច្រើនសាថា ការចូលរួមពាក់ព័ន្ធ​របស់ក្រុមប្រទេសលោកខាងលិចក្នុងវិបត្តិនេះ អាចនឹងនាំទៅរកសង្រ្គាមនុយក្លេអ៊ែរបាន។ យ៉ាងណាក្តី ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា ហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរគឺកំពុងកើនឡើងពិតមែន ប៉ុន្តែរុស្ស៉ីមិនទាន់វិកលចរិតនៅឡើយទេ ដោយចាត់ទុកអាវុធនុយក្លេអ៊ែររបស់ខ្លួន ត្រឹមជាមធ្យោបាយសម្រាប់កំញើញ ដើម្បីការពារខ្លួនឯងសុទ្ធសាធ៕