(កៀវ)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ កងកម្លាំងរុស្ស៉ីបានបើកការវាយប្រហារតាមផ្លូវអាកាស ក្នុងទ្រង់ទ្រាយធំសាជាថ្មីមកលើអ៊ុយក្រែន ដោយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅពាសពេញប្រទេសបានរងការខូចខាត ហើយមនុស្សយ៉ាងហោច ១២នាក់បានបាត់បង់ជីវិត បន្ទាប់ពីអគារកម្ពស់៩ជាន់មួយខ្នង ដែលស្ថិតនៅទីក្រុងឌីនីប្រូ (Dnipro) ត្រូវមីស៉ីលធ្លាក់ចំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣។
អាជ្ញាធរអ៊ុយក្រែនបាននិយាយថា ប្រជាជនចំនួន៣៧នាក់ ត្រូវបានជួយសង្រ្គោះចេញពីអគារខាងលើ ខណៈមនុស្សសរុប៦៤នាក់បានរងរបួស បន្ថែមពីលើអ្នកដែលបានបាត់បង់ជីវិត ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី។ ដោយឡែក ក៏មានមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួស នៅទីក្រុងគ្រីវៀវរី (Kryviy Rih) ថែមទៀតផង ជាទីដែលលំនៅឋាន៦ខ្នង ត្រូវបានបំផ្លិចបំផ្លាញ។
មិនតែប៉ុណ្ណោះ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរដ្ឋធានីកៀវ និងកន្លែងផ្សេងទៀត ក៏បានរងការវាយប្រហារផងដែរ ដោយរដ្ឋមន្រ្តីថាមពលអ៊ុយក្រែន បានលើកឡើងថា ប៉ុន្មានថ្ងៃខាងមុខនឹងជាពេលដ៏លំបាកខ្លាំង ដោយសារតែការគំរាមកំហែង ចំពោះបណ្តាញផ្គត់ផ្គង់អគ្គិសនី ទឹក និងកម្តៅ ខណៈកំពុងស្ថិតក្នុងរដូវរងា។
គួរបញ្ជាក់ថា អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអ៊ុយក្រែន ព្រមទាំងសម្ព័ន្ធមិត្តដទៃទៀតរបស់ទីក្រុងកៀវ បានចេញមុខថ្កោលទោសការវាយប្រហារកាលពីថ្ងៃសៅរ៍របស់រុស្ស៉ី ស្របពេលដែលប្រធានាធិបតីអ៊ុយក្រែន បានបន្តទទូចសុំជាថ្មីទៀតឱ្យ ក្រុមប្រទេសលោកខាងលិចផ្តល់សព្វាវុធបន្ថែម ដើម្បីជួយបញ្ចប់អំពើឃោរឃៅរបស់ទីក្រុងមូស្គូ៕