(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី (MOH) បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ទិន្នន័យក្នុងស្រុកស្តីពីការចាក់វ៉ាក់សាំងកូវីដ១៩ ទ្វេដងមិនបានបង្ហាញពីការកើនឡើងនូវហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ដែលពាក់ព័ន្ធការចាក់វ៉ាក់សាំងម៉ូដឺណា (Moderna) ឬវ៉ាក់សាំងភីហ្វាហ្សឺ (Pfizer) នោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលខាងលើនេះបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរសុខាភិបាលសហព័ន្ធរបស់សហរដ្ឋអាមេរិកបានបើកការស៊ើបអង្កេត ជុំវិញក្តីបារម្ភពីសុវត្ថិភាពអំពីការកើនឡើងហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលចំពោះមនុស្សវ័យចំណាស់ដែលចាក់វ៉ាក់សាំងច្រើនដង។

MOH បានបញ្ជាក់ថាទិន្នន័យក្នុងស្រុកដែលទទួលបាន មិនបង្ហាញពីការកើនឡើងហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលនោះទេ បន្ទាប់ពីពលរដ្ឋបានចាក់វ៉ាក់សាំង Moderna ឬ Pfizer ទ្វេដង។ ជំងឺដាច់សរសៃឈាមខួរក្បាលគឺបណ្តាលមកពីការស្ទះសរសៃឈាម ដែលនាំឈាមទៅខួរក្បាល។ ក្រៅពីនេះការសិក្សាអន្តរជាតិជាច្រើនបានបង្ហាញថាការទទួលបានវ៉ាក់សាំងប្រឆាំកូវីដ១៩ ច្រើនដងបានកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរ និងការស្លាប់បានច្រើនបើធៀបនឹងការដែលមិនបានចាក់។

គួរបញ្ជាក់ថា ការព្រួយបារម្ភអំពីសុវត្ថិភាពបឋមដោយការចាក់វ៉ាក់សាំង Pfizer ត្រូវបានរកឃើញដោយប្រព័ន្ធត្រួតពិនិត្យរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក។ វាបានបង្ហាញពីបញ្ហាសុវត្ថិភាពដែលអាចកើតមានដែលមនុស្សដែលមានអាយុពី ៦៥ឆ្នាំឡើងទៅទំនងជាមានជំងឺដាច់សរសៃឈាមខួរក្បាល ២១ថ្ងៃបន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំង Pfizer ទ្វេដង។

ក្រោយមកការសិក្សាដ៏ធំមួយនៃវ៉ាក់សាំងដែលបានធ្វើបច្ចុប្បន្នភាព ពីក្រុមហ៊ុន Pfizer-BioNTech និង Moderna
ដោយប្រើមូលដ្ឋានទិន្នន័យរបស់មជ្ឈមណ្ឌលសម្រាប់សេវាថែទាំនិងព្យាបាល បានបង្ហាញថាមិនមានការកើនឡើងហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលនោះទេ៕