(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីអាមេរិកបាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា រដ្ឋបាលលោក ចូ បៃដិន បានប្រាប់សភាថា ខ្លួនកំពុងរៀបចំការលក់យន្តហោះចម្បាំង F-16 ដ៏មានសក្តានុពលក្នុងទំហំទឹកប្រាក់ចំនួន ២០ពាន់លានដុល្លារទៅឲ្យប្រទេសតួកគី ដែលបង្កឱ្យមានការជំទាស់ភ្លាមៗពីសមាជិកជាន់ខ្ពស់មួយនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក ជាអ្នកដែលបានជំទាស់នឹងផែនការនេះជាយូរមកហើយនោះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣។

កាលពីខែតុលា ឆ្នាំ២០២១ តួកគីបានស្នើសុំទិញយន្តហោះចម្បាំង F-16 របស់ក្រុមហ៊ុន Lockheed Martin Corp ចំនួន ៤០គ្រឿង និងឧបករណ៍សម្រាប់ធ្វើទំនើបកម្មយន្តហោះចម្បាំងដែលមានស្រាប់របស់ខ្លួនប្រមាណ ៨០គ្រឿង ហើយកិច្ចពិភាក្សា​បច្ចេកទេស​រវាង​ភាគី​ទាំងពីរ​ទើបនឹងបាន​បញ្ចប់​នាពេល​ថ្មីៗ​នេះ​។ ហើយក្នុងសប្តាហ៍នេះក្រសួងការបរទេសបានផ្ញើការជូនដំណឹងក្រៅផ្លូវការទៅកាន់គណៈកម្មាធិការត្រួតពិនិត្យការលក់អាវុធនៃព្រឹទ្ធសភា និងសភាតំណាងរាស្រ្តអំពីបំណងរបស់ខ្លួនក្នុងដំណើរការកិច្ចព្រមព្រៀងមួយដែលបានស្នើឡើងដោយប្រទសតួកគី។

លោក បប់ មេនិនដេស៍(Bob Menendez) ដែលជាប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាបានគូសបញ្ជាក់ថា «ខណៈដែលការលក់នៅតែស្ថិតក្នុងដំណើរការពិនិត្យក្រៅផ្លូវការ សភាក៏ទំនងជាមិនអនុម័តការលក់ដែរ ដរាបណាប្រទេសតួកគី មិនព្រមបន្តការផ្តល់សច្ចាប័នលើសមាជិកភាពរបស់ស៊ុយអែត និងហ្វាំងឡង់ ដើម្បីចូលជាសមាជិកអង្គការណាតូ»។

គួរបញ្ជាក់ថា ទោះជារដ្ឋបាលលោក បៃដិន គាំទ្រការលក់នេះ ប៉ុន្តែរហូតមកដល់ពេលនេះវាបានបរាជ័យក្នុងការទទួលបានភ្លើងខៀវពីសភាអាមេរិក។ បន្ទាប់ពីការត្រួតពិនិត្យក្រៅផ្លូវការ ថ្នាក់ដឹកនាំគណៈកម្មាធិការអាចលើកឡើងនូវសំណួរ ឬកង្វល់នានា ទើបឈានទៅដល់ការជូនដំណឹងជាផ្លូវការ៕