(សៅប៉ូឡូ)៖ ចៅក្រមតុលាការកំពូលប្រេស៊ីលនៅថ្ងៃសុក្រសប្តាហ៍នេះ បានសម្រេចបញ្ចូលអតីតប្រធានាធិបតី លោក ចាអៀ ប៊ុលសូណារ៉ូ (Jair Bolsonaro) ទៅក្នុងការស៊ើបអង្កេតករណីវាយលុកអគាររដ្ឋាភិបាល កាលពីថ្ងៃទី ៨ ខែមករា នៅទីក្រុងប្រ៉ាស៉ីលីយ៉ា (Brasilia)។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣។

ការិយាល័យអគ្គរដ្ឋអាជ្ញាបានស្នើសុំឱ្យដាក់បញ្ចូលអតីតមេដឹកនាំស្តាំនិយមរូបនេះ ក្នុងការស៊ើបអង្កេតទៅលើប្រភពដើមនៃការលុកលុយវិមានប្រធានាធិបតី សភា និងអគារតុលាការកំពូលពីសំណាក់អ្នកគាំទ្ររបស់ លោក ប៊ុលសូណារ៉ូ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។

សេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័ររបស់អគ្គរដ្ឋអាជ្ញាបញ្ជាក់ថា លោក ប៊ុលសូណារ៉ូ នឹងត្រូវបានស៊ើបអង្កេតសម្រាប់បទ «ញុះញង់ និងផ្តល់យោបល់ឲ្យមានអំពើប្រឆាំងលទ្ធិប្រជាធិបតេយ្យដែលនាំឲ្យមានការបំផ្លិចបំផ្លាញ និងអំពើហឹង្សា»។

គួរបញ្ជាក់ថា អ្នកគាំទ្ររបស់លោក ប៊ុលសូណារ៉ូ រាប់ពាន់នាក់បានសម្រុកចូលបំផ្លិចបំផ្លាញសម្ភារក្នុងអគារតុលាការកំពូល សភា និងវិមានប្រធានាធិបតីកាលពីចុងសប្តាហ៍មុន ដើម្បីបង្កចលាចល និងរដ្ឋប្រហារយោធាទម្លាក់ប្រធានាធិបតីជាប់ឆ្នោតថ្មី លោក លូអ៉ីស អ៉ីនណាស៉ីយ៉ូ លូឡា ដាស៉ីលវ៉ា (Luiz Inacio Lula da Silva) ចេញពីតំណែង៕