(ឡុងដ៍)៖ ចក្រភពអង់គ្លេស នៅថ្ងៃសៅរ៍នេះបានហៅការប្រហារជីវីតពលរដ្ឋអង់គ្លេស ដើមកំណើតអ៉ីរ៉ង់ម្នាក់គឺ លោក អាលីរេហ្សា អាកបារី (Alireza Akbari) ដោយអាជ្ញាធរអ៉ីរ៉ង់ ថាជា «ទង្វើដ៏ព្រៃផ្សៃ» ហើយសន្យាថានឹងមិនបណ្ដោយឱ្យទង្វើមួយនេះកើតឡើងដោយគ្មានការឆ្លើយតបវិញនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣។

នៅក្នុងសារមួយបង្ហោះលើ ​Twitter នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៉ី ស៊ូណាក់ (Rishi Sunak) បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំពិតជាមានការរន្ធត់ជាខ្លាំងចំពោះការប្រហារជីវិតពលរដ្ឋអង់គ្លេស ដើមកំណើតអ៉ីរ៉ង់លោក អាលីរេហ្សា អាកបារី (Alireza Akbari) នៅក្នុងប្រទេសអ៉ីរ៉ង់។ នេះជាទង្វើកំសាក និងព្រៃផ្សៃរបស់របបដឹកនាំដ៏ព្រៃផ្សៃមួយដែលគ្មានឡើយការគោរពសិទ្ធិមនុស្ស របស់ប្រជាជនខ្លួនឯង»

លោក ជែម ក្លេវឺលី (James Cleverly) រដ្ឋមន្ត្រីការបរទេសអង់គ្លេស ក៏បានលើកឡើងដែរថាទង្វើដ៏ព្រៃផ្សៃខាងលើស័ក្តិសមនឹងទទួលបានការថ្កោលទោស ហើយទង្វើបែបនេះមិនអាចកើតឡើង ដោយគ្មានការឆ្លើយតបវិញនោះឡើយ។

គួរបញ្ជាក់ថា លោក អាលីរេហ្សា អាកបារី (Alireza Akbari) ជាពលរដ្ឋអង់គ្លេសមានដើមកំណើតអ៉ីរ៉ង់ និងជាអតីតមន្ត្រីអ៉ីរ៉ង់ម្នាក់ ត្រូវបានប្រហារជីវិតដោយការព្យួរកហើយ នៅថ្ងៃសៅរ៍នេះ បើទោះជាមានការទទូចស្នើសុំលាយឡំជាមួយការព្រមានពីសំណាក់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ឱ្យទីក្រុងតេហេរ៉ង់លុបចោលទោសប្រហារជីវិត និងដោះលែងរូបលោកឱ្យមាន សេរីភាពឡើងវិញជាបន្ទាន់ក៏ដោយ។

ការផ្ដន្ទាទោសប្រហារជីវិតរបស់លោក អាកបារី ត្រូវបានប្រកាសកាលពីថ្ងៃទី១១ ខែមករាកន្លងទៅ បន្ទាប់ពីលោកត្រូវបានតុលាការអ៉ីរ៉ង់ចោទប្រកាន់ពីបទធ្វើចារកម្មឱ្យចក្រភពអង់គ្លេស។ សារព័ត៌មានអនឡាញអ៉ីរ៉ង់ មីហ្សាន (Mizan) បានរាយការណ៍ថាលោក អាបារី ត្រូវបានប្រហារជីវិតដោយព្យួរក។

លោក អាលីរេហ្សា អាកបារី ធ្លាប់បម្រើការងារជាអនុរដ្ឋមន្ត្រីការពារជាតិអ៉ីរ៉ង់ នៅក្រោមរដ្ឋាភិបាលនៃអតីតប្រធានាធិបតីអ៉ីរ៉ង់ លោក មហាំម៉ាត់ ខាតាមី (Mohammad Khatami) ដែលជាអ្នកនយោបាយកំណែទម្រង់និយមម្នាក់ដែលបានដឹកនាំប្រទេសពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០២។ បើតាម BBC លោក អាកបារី ក៏ធ្លាប់ជាប្រធានវិទ្យាស្ថានស្រាវជ្រាវ Strategic Research Institute ផងដែរ មុននឹងត្រូវបានចាប់ខ្លួននៅឆ្នាំ២០១៩ ហើយលោកបានច្រានចោលរាល់ការចោទប្រកាន់ពីសំណាក់អាជ្ញាធរអ៉ីរ៉ង់ ដោយអះអាងមិនបានប្រព្រឹត្តទោសកំហុសដូចការចោទប្រកាន់ នោះទេ៕