(កៀវ)៖ មានសូរសំឡេងផ្ទុះជាច្រើនបានកើតឡើង នៅក្នុងរដ្ឋធានីកៀវ ព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅអ៊ុយក្រែន) ខណៈក្រុមមន្ត្រីអ៊ុយក្រែនបានរាយការណ៍ពីការវាយប្រហារដោយមីស៉ីល ពីសំណាក់រុស្ស៉ី លើហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣។

អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក គីរីឡូ ទីម៉ូសិនកូ (Kyrylo Tymoshenko) បានឱ្យដឹងនៅក្នុងសារមួយបង្ហោះលើ Twitter ថាមានការវាយប្រហារដោយមីស៉ីលលើ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដោយហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយនៅក្នុងរដ្ឋធានីកៀវ ត្រូវបានវាយប្រហារដោយមីស៊ីលមួយគ្រាប់។ ចំណែកឯ អភិបាលទីក្រុងកៀវ លោក វីតាលី គ្លីតស្កូ (Vitali Klitschko) បាននិយាយថា ហេតុការណ៍ផ្ទុះជាច្រើនក៏ត្រូវបានរាយការណ៍នៅក្នុងសង្កាត់ ឌីនីប្រូវស្គី (Dniprovskiy) ផងដែរ ហើយជូនដំណឹងដល់ប្រជាជនរត់រកកន្លែង មានសុវត្ថិភាព។

លោក គ្លីតស្កូ បន្ថែមថាមានបំណែកមីស៊ីលមួយគ្រាប់បានធ្លាក់នៅឯសង្កាត់ ហ្គូឡូស៉ីវស្គី (Golosiivskiy) ដោយមិនបានបណ្ដាលឱ្យមានមនុស្សរងរបួស ឬស្លាប់នោះទេ។ គួរបញ្ជាក់ថា ចាប់តាំងពីខែតុលា ឆ្នាំ២០២២មក ពោលគឺនៅក្រោយបរាជ័យនៅលើសមរភូមិជាបន្តបន្ទាប់ រុស្ស៉ីបានបង្កើនការវាយប្រហារជាលក្ខណៈប្រព័ន្ធលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅទូទាំងប្រទេសអ៊ុយក្រែន ដោយបណ្ដាលឱ្យប្រជាជនរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ក្នុងរដូវរងានេះ៕