(ហ្សាការតា)៖ ប្រមុខកងទ័ពជើងទឹកឥណ្ឌូណេស៉ី នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថាទីក្រុងហ្សាការតាបានបញ្ជូននាវាចម្បាំងមួយគ្រឿង ទៅកាន់តំបន់សមុទ្រ Natuna Sea ស្ថិតនៅភាគខាងជើង នៃប្រទេស ដើម្បីតាមឃ្លាំមើលសកម្មភាពនាវាឆ្មាំសមុទ្រចិនមួយគ្រឿង ដែលបាន និងកំពុងធ្វើនាវាចរនៅក្នុងតំបន់ដ៏សម្បូរធនធានមួយប្រទាញប្រទង់រវាងប្រទេសទាំង២។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters លោក ឡាក់សាម៉ាណា ម៉ាឌីយ៉ា មហាំម៉ាត់អាលី (Laksamana Madya Muhammad Ali) ជាប្រមុខកងទ័ពជើងទឹកឥណ្ឌូណេស៉ី បានបញ្ជាក់ ទៀតថាឥណ្ឌូណេស៉ី ក្រៅពីបញ្ជូននាវាចម្បាំង យន្ដហោះល្បាត និងយន្ដហោះដ្រូន ក៏ត្រូវបានដាក់ពង្រាយឱ្យតាមឃ្លាំមើលសកម្មភាពនាវាឆ្មាំសមុទ្រចិនផងដែរ។ លោក មហាំម៉ាត់អាលី បានបន្ថែមដូច្នេះថា «នាវាចិន មិនបានធ្វើសកម្មភាពគួរឱ្យសង្ស័យអ្វីនោះទេ។ តែទោះជាបែបនេះក្ដី យើងចាំបាច់តាមឃ្លាំមើល ព្រោះមានពេលខ្លះនាវានេះបានចូលក្នុងតំបន់សេដ្ឋកិច្ចពិសេស ផ្ដាច់មុខរបស់ឥណ្ឌូណេស៉ី»

គួរបញ្ជាក់ថា បើតាមទិន្នន័យតាមដានកប៉ាល់ នាវាឆ្មាំសមុទ្រចិន CCG 5901បាន និងកំពុងធ្វើដំណើរនៅក្នុងតំបន់សមុទ្រ Natuna Sea និងជាពិសេសនៅក្បែរទីតាំងរុករកឧស្ម័ន Tuna Block របស់ឥណ្ឌូណេស៉ី ព្រមទាំងទីតាំងរុករកប្រេង និងឧស្ម័ន Chim Sao របស់វៀតណាម ចាប់តាំងពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២មកម្ល៉េះ៕