(តេហេរ៉ង់)៖ លោក អាលីរេហ្សា អាកបារី (Alireza Akbari) ជាពលរដ្ឋអង់គ្លេសមានដើមកំណើតអ៉ីរ៉ង់ និងជាអតីតមន្ត្រីអ៉ីរ៉ង់ម្នាក់ ត្រូវបានប្រហារជីវិតដោយការព្យួរកហើយ នៅថ្ងៃសៅរ៍នេះ បើទោះជាមានការទទូចស្នើសុំលាយឡំជាមួយការព្រមានពីសំណាក់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ឱ្យទីក្រុងតេហេរ៉ង់លុបចោលទោសប្រហារជីវិត និងដោះលែងរូបលោកឱ្យមាន សេរីភាពឡើងវិញជាបន្ទាន់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣។

ការផ្ដន្ទាទោសប្រហារជីវិតរបស់លោក អាកបារី ត្រូវបានប្រកាសកាលពីថ្ងៃទី១១ ខែមករាកន្លងទៅ បន្ទាប់ពីលោកត្រូវបានតុលាការអ៉ីរ៉ង់ចោទប្រកាន់ពីបទធ្វើចារកម្មឱ្យចក្រភពអង់គ្លេស។ សារព័ត៌មានអនឡាញអ៉ីរ៉ង់ មីហ្សាន (Mizan) បានរាយការណ៍ថាលោក អាបារី ត្រូវបានប្រហារជីវិតដោយព្យួរក។ សារព័ត៌មាននេះដដែលបានគូសបញ្ជាក់ដូច្នេះថា « Alireza Akbari ដែលត្រូវបានផ្ដន្ទាទោសប្រហារជីវិត ក្រោយត្រូវបានរកឃើញពីទោសកំហុសពុករលួយ និងបំផ្លាញសន្តិសុខផ្ទៃក្នុងនៃប្រទេស ព្រមទាំងសន្តិសុខខាងក្រៅតាមរយៈការផ្ទេរព័ត៌មានសម្ងាត់ ត្រូវបានប្រហារជីវិតហើយ»។​

គួរបញ្ជាក់ថា លោក អាលីរេហ្សា អាកបារី ធ្លាប់បម្រើការងារជាអនុរដ្ឋមន្ត្រីការពារជាតិអ៉ីរ៉ង់ នៅក្រោមរដ្ឋាភិបាលនៃអតីតប្រធានាធិបតីអ៉ីរ៉ង់ លោក មហាំម៉ាត់ ខាតាមី (Mohammad Khatami) ដែលជាអ្នកនយោបាយកំណែទម្រង់និយមម្នាក់ដែលបានដឹកនាំប្រទេសពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០២។ បើតាម BBC លោក អាកបារី ក៏ធ្លាប់ជាប្រធានវិទ្យាស្ថានស្រាវជ្រាវ Strategic Research Institute ផងដែរ មុននឹងត្រូវបានចាប់ខ្លួននៅឆ្នាំ២០១៩ ហើយលោកបានច្រានចោលរាល់ការចោទប្រកាន់ពីសំណាក់អាជ្ញាធរអ៉ីរ៉ង់ ដោយអះអាងមិនបានប្រព្រឹត្ត ទោសកំហុសដូចការចោទប្រកាន់នោះទេ៕