(ប៉េកាំង)៖ ឆ្នាំ២០២៣ ដែលប្រទេសចិនបានបិទបញ្ចប់គោលនយោបាយសូន្យកូវីដ-១៩នេះ មានការរំពឹងថានឹងមានលំហូរទេសចរចិនជាច្រើនទៅកាន់បណ្តាប្រទេសលើពិភពលោក។ ប្រទេសខ្លះបានត្រៀមស្វាគមន៍ និងប្រទេសខ្លះបានបន្តឹងការធ្វើដំណើរទេសចរជាតិចិន និងក៏មានប្រទេសដែលរារាំងមិនឱ្យទេសចរចិនចូលក្នុងប្រទេសដែរ? ហេតុអ្វី?

វិស័យទេសចរណ៍របស់ពិភពលោកកំពុងតែស្ថិតក្នុងរូបភាពល្អ និងមិនល្អផង ខណៈដែលប្រទេសចិនបានប្រកាសបើកព្រំដែនរបស់ខ្លួនជាលើកដំបូង បន្ទាប់ពីមានការបិទប្រមាណ៣ឆ្នាំ មកនេះដោយសារជម្ងឺកូវីដ១៩។ ប្រទេសចិន ក្រោយការដកចេញនូវនយោបាយសូន្យកូវីដរបស់ខ្លួន បានបើកទ្វាព្រំដែនឡើងវិញកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ក្នុងរង្វង់ដែលមាន សេចក្តីរាយការណ៍បង្ហាញការសង្ស័យថាចំនួនករណីវិជ្ជមាន និងការស្លាប់ដោយសារកូវីដ១៩ ស្រាប់តែមានការកើនឡើងក្នុងប្រទេសចិននោះទៅវិញ។ ក្រុមអ្នកវិទ្យាសាស្ត្រតាម ប្រទេសមួយចំនួន បានដាក់ការងឿងឆ្ងល់ថាហេតុអ្វីបានជាចិនផ្លាស់ប្តូរនយោបាយសូន្យកូវីដ ខណៈដែលវិបត្តិឆ្លងកូវីដ១៩ក្នុងប្រទេសចិនមិនទាន់បានស្ងប់ស្ងាត់នៅឡើយនេះ។ ប្រទេស ចិនបានបដិសេធជុំវិញការចោទប្រកាន់ទាំងនេះ។

បណ្តាប្រទេសនានាត្រូវហ៊ានសម្រេចចិត្តថាតើគេនឹងទទួលទេសចរចិន ឬមិនទទួល ឬត្រូវរៀបចំវិធានការយ៉ាងណាដើម្បីទទួលភ្ញៀវទេសចរចិនផង និងមិនឱ្យមានហានិភ័យ នៃការឆ្លងជម្ងឺកូវីដ១៩មកលើប្រទេសរបស់ខ្លួននោះថែមទៀត។ តំបន់អាស៊ីអាគ្នេយ៍ គឺជាតំបន់ដែលត្រូវការទេសចរចិនជាទីបំផុតដើម្បី ភាពលូតលាស់នៃវិស័យទេសចរណ៍ របស់ខ្លួន ប៉ុន្តែកត្តានយោបាយក៏ជាផ្នែកមួយដែលគេឃើញថា ក៏បានបង្កើតជាឧបសគ្គសម្រាប់ភាពរារែកនៃការសម្រេចចិត្តផងដែរ។

ក្នុងតំបន់អាស៊ាននេះ ប្រទេសសិង្ហបុរី បានប្រកាសការស្វាគមន៍ភ្ញៀវទេសចរចិនដោយមិនផ្លាស់ប្តូរនូវវិធានការច្រកព្រំដែនចេញចូលរបស់ខ្លួននោះឡើយ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល សិង្ហបុរីលោក Ong Ye Kung បានបញ្ជាក់នូវវិធានការមិនប្រែប្រួលតាមច្រកព្រំដែនរបស់សិង្ហបុរីនេះ កាលពីថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣។ ប៉ុន្តែអ្នកធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ទាំងអស់ចាំបាច់ត្រូវចាក់វ៉ាក់ពេញលេញតាមតម្រូវការ ឬត្រូវធ្វើតេស្តបង្ហាញលទ្ធផលអវិជ្ជមាន ជាមុនសិន មុននឹងធ្វើដំណើរមកប្រទេសសឹង្ហបុរី។ ចំពោះប្រទេសម៉ាឡេស៊ី គេមិនបានរៀបចំ ធ្វើដូចជាប្រទេសសិង្ហបុរីនោះឡើយ។ ប្រទេសម៉ាឡេស៊ីបាន ប្រកាសកាលពីថ្ងៃអង្គារ ទី១០ ខែមករាថាគេនឹងរៀបចំផ្លូវពិសេសដាច់ដោយឡែក សម្រាប់ការទទួលភ្ញៀវទេសចរចិន នាចំណុចច្រកចេញចូលព្រលានយន្តហោះជាមួយនឹងការធ្វើតេស្តដាក់លើអ្នកទេសចរចិនទាំងអស់ក្នុងពេលមកដល់។

បើសិនជាការរៀបចំខុស ពីគេនោះត្រូវទេសចរចិន គិតថាជាអំពើរើសអើង, ទេសចរចិន នឹងអាចត្រូវគេរំពឹងថានឹងមិនសូវមានច្រើនឡើយ។ ប្រទេសមួយចំនួនលើពិភពលោក ដូចជាសហរដ្ឋអាមេរិក, អង់គ្លេស, អ៊ីស្រាអែល, អេស្ប៉ាញ, បារាំង, ជប៉ុន, កូរេខាងត្បូង, ឥណ្ឌាបានតម្រូវរកលទ្ធផលធ្វើតេស្តអវិជ្ជមានជាមុនសិន មុននឹងធ្វើដំណើរចូលក្នុងប្រទេសរបស់ គេទាំងឡាយ។ ប៉ុន្តែ ប្រទេសម៉ារ៉ុកគឺជាប្រទេសដែលហាមមិនឱ្យមានទេសចរមកពីប្រទេស ចិនធ្វើដំណើរចូលមកប្រទេសរបស់ខ្លួនឡើយ។

យោងតាមប្រព័ន្ធតាមដានការឆ្លង Worldometer ប្រទេសចិនដែលមានប្រជាជន១ពាន់៤៤៨ លាន៤៧ម៉ឺន១ពាន់៤០០នាក់, ករណីឆ្លងគិតសារុបមានប្រមាណតែ៥០ម៉ឺន៣ពាន់៣០២ មានន័យថាក្នុងចំណោមមួយលាននាក់ មានអ្នកឆ្លងចំនួន៣៤៧នាក់តែប៉ុណ្ណោះ។ ករណីស្លាប់ក្នុងប្រទេសចិនដោយសារកូវីដ១៩ មានចំនួន៥ពាន់២៧២ មានន័យថាក្នុងមួយលាននាក់ គឺមានតួលេខអ្នកស្លាប់មានក្នុងរង្វង់តែ៤នាក់ទេ។ ដោយឡែក ករណីជាសះស្បើយ ៣៧៩,០៥៣។ BBC បានរាយការណ៍ថា ប្រទេសចិនបានឆ្លងក្នុងមួយថ្ងៃៗ៤ពាន់នាក់ កាលពីសប្តាហ៍មុន និងផ្សាយទៀតថាក៏មានអ្នកស្លាប់ចំនួន២ទៅ៣នាក់ផងដែរ… និងក្រោយមកបានផ្សាយ ថាប្រទេសចិនបានបញ្ឈប់ការផ្សាយនូវចំនួនមនុស្សឆ្លងនិងស្លាប់ហើយ។

ទិន្នន័យពីមន្ទីរ AirFinity នៃក្រសួងសុខាភិបាលអង់គ្លេស បានប៉ាន់ប្រមាណថាក្នុងប្រទេសចិនមានមនុស្ស ឆ្លងជាមធ្យម ប្រមាណជាមួយលាននាក់រៀងរាល់ថ្ងៃ និងមានមនុស្សស្លាប់ ប្រមាណ ៥ពាន់ ក្នុងមួយថ្ងៃៗនោះ។ តូលេខខ្ពស់ដែលមានការផ្សាយនោះ ទោះជាយ៉ាងណាក៏ដោយ មិនបានផ្តល់ប្រភពច្បាស់លាស់បញ្ជាក់បន្ថែមឡើយ។ ការផ្សាយនូវតួលេខបន្តឆ្លង និងស្លាប់ខ្ពស់ទាំងនោះហើយ បានធ្វើឱ្យប្រទេសមួយចំនួនបានរារែកចំពោះការទទួលភ្ញៀវទេសចរចិន។ Bloomberg បានផ្សាយកាលពីថ្ងៃទី១២ ខែមករាថា ប្រទេសចិនមិនបានធ្វើ បច្ចុប្បន្នភាពការផ្សាយប្រចាំថ្ងៃនៃទិន្នន័យតួលេខមនុស្សឆ្លងនិងស្លាប់ ដោយកូវីដ១៩រយៈពេល៣ថ្ងៃមកហើយ ខណៈមានសេចក្តីរាយការណ៍ថា ចិនដោយសារតែករណីឆ្លង និងស្លាប់ មានការធ្លាក់ចុះ ដូច្នេះតួលេខឆ្លងដោយសារករណីកូវីដ១៩ នឹងត្រូវធ្វើជាប្រចាំខែវិញ ជាជាងប្រចាំថ្ងៃ។

ទោះជាមានការផ្សាយនូវតួលេខខុសគ្នាអំពីករណីឆ្លងក្នុងប្រទេសចិនយ៉ាងណាក៏ដោយ ចំពោះប្រទេសក្នុងអាស៊ាន ការវិលត្រឡប់ត្រឡប់មកវិញនូវទេសចរចិន គឺចំពេលវេលាដែល បណ្តាប្រទេសអាស៊ានានាបានរៀបចំនូវផែនការស្តារដំណើរសេដ្ឋកិច្ចរបស់ខ្លួនសាឡើងវិញ បន្ទាប់ពីរងខ្ទេចខ្ទាំអស់រយៈពេល៣ឆ្នាំមកហើយនេះ។ ក្នុងឆ្នាំ២០១៩, ទេសចរចិនដែល បានធ្វើដំណើរមកបណ្តាប្រទេសនៅអាស៊ានមានប្រមាណ៣២លាននាក់ ដែល ចំនួននេះ គឺស្មើនឹងប្រមាណ២៣ភាគរយនៃការធ្វើដំណើរមកដល់នៃចំនួនសារុបទាំងអស់។ ក្នុងចំណោម ៣២លាននាក់នេះ ប្រទេសថៃ, វៀតណាមនិងសឹង្ហបុរី គឺជាប្រទេសគោលដៅខ្ពស់ ជាងគេបំផុតនៃដំណើរទេសចរចិនទៅកាន់អាស៊ាន។ ប៉ុន្តែក្នុងឆ្នាំ២០២០, តួលេខទេសចរចិន បានធ្លាក់មកនៅតែមួយភាគរយប៉ុណ្ណោះនៃតួលេខដែលធ្លាប់តែទទួលបានច្រើននោះ។ ក្នុងនោះប្រទេសថៃដែលធ្លាប់តែមានទេសចរចិនច្រើនដល់១១លាននាក់ ទទួលបានតែ ១លាន២សែននាក់, វៀតណាមធ្លាក់ពី៥លាន៨សែននាក់ ទទួលបានតែ៩០ម៉ឺននាក់ ចំណែកប្រទេសសឹង្ហបុរីធ្លាក់ពីចំនួន៣លាន៦សែននាក់មកនៅត្រឹម៣៥ម៉ឺន៧ពាន់នាក់។ ប្រទេសថៃបានថ្លែងថា គេនឹងរីករាយបើសិនជានឹងទទួលបានទេសចរចិន៥លាននាក់ វិញនៅក្នុងឆ្នាំ២០២៣នេះ។

ឆ្នាំ២០២៣ គឺជាឆ្នាំដែលគេបានមើលឃើញថាកំពុងដិតដាមដោយការទទួលឥទ្ធិពលនយោ បាយពីប្រទេសមហាអំណាចដែលកំពុងមានការប្រជែងដាក់គ្នាទៅវិញមកលើកត្តាគ្រប់គ្រង ភូមិសាស្ត្រនយោបាយ។ ការរំពឹងទុកនៃការទទួលភ្ញៀវទេសចរចិន នឹងអាចប្រែប្រួលមិន ទៀងទាត់បើសិនជាឥទ្ធិពលនយោបាយរបស់ប្រទេសណាមួយ ដែលរងការគាបសង្កត់ពីប្រ ទេសមហាអំណាច មានន័យថាបើសិនជាប្រទេសចិនបានស្ថិតក្រោមគោលដៅនយោបាយ របស់សហរដ្ឋអាមេរិកនិងក្រុមសម្ព័ន្ធដែលចង់បង្ក្រាបឥទ្ធិពលប្រទេសចិននោះ ភ្ញៀវទេស ចរណ៍ចិន នឹងអាចបោះបង់ឳកាសដោយមិនធ្វើដំណើរទៅកាន់ប្រទេសទាំងនោះឡើយ។

ផ្ទុយទៅវិញ បើសិនជាប្រទេសដទៃដែលមានសិទ្ធិសម្រេចលើជោគវាសនារបស់ខ្លួននិងមិនស្ថិតក្រោមឥទ្ធិពលនយោបាយរបស់សហរដ្ឋអាមេរិកឬប្រទេសនៃក្រុមបក្ខសម្ព័ន្ធនោះទេ នឹង អាចរំពឹងការទទួលបានទេសចរចិនច្រើនដែលនឹងជួយស្តារលើដំណើរការសេដ្ឋកិច្ចជាតិ របស់ខ្លួន ប៉ុន្តែប្រទេសទាំងនោះត្រូវតែហ៊ានប្រឈមនឹងហានិភ័យនូវអ្វីដែលមានការផ្សាយអំពីករណីផ្ទុះឡើងថ្មីនៃជម្ងឺកូវីដ១៩ដែលគេសង្ស័យថាបានកើតឡើងវិញនៅប្រទេសចិន ហើយការផ្ទុះនោះ នឹងអាចឆ្លងរាលដាលមកកាន់ប្រទេសដទៃទាំងនោះ៕