(វ៉ាស៊ីនតោន)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៉ីនតោន) បានសន្យាជាមួយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ថានឹងធ្វើទំនើបកម្ម យោធានៃប្រទេសរបស់លោក អមជាមួយការព្រមានថាសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន បានបង្កើតយុគសម័យថ្មីមួយដ៏គ្រោះថ្នាក់ដែលអាចនឹងកាន់តែជំរុញលើកទឹកចិត្តដល់ ចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣។

នៅក្នុងសុន្ទរកថាមួយនៅសាកលវិទ្យាល័យ Johns Hopkins University បន្ទាប់ពីជួបពិភាក្សាជាមួយលោក ចូ បៃដិន នៅឯសេតវិមាន លោក គីស៉ីដា បានកត់សម្គាល់ថាការដាក់ចេញ យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីដោយរដ្ឋាភិបាលរបស់លោកដើម្បីពង្រឹងវិស័យការពារជាតិ គឺជាចំណុចរបត់ប្រវត្តិសាស្ត្រមួយនៅក្នុងសម្ព័ន្ធអាមេរិក និងជប៉ុន។ លោក គីស៉ីដា បានគូសបញ្ជាក់ដូច្នេះថា «ការឈ្លានពានរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបិទបញ្ចប់ទាំងស្រុងនូវសណ្ដាប់ធ្នាប់ពិភពលោកក្រោយសម័យសង្រ្គាមត្រជាក់... ហើយប្រសិនបើយើង បណ្ដោយឱ្យការផ្លាស់ស្ថានភាពដើមដោយឯកតោភាគីជាមួយការប្រើកម្លាំងបាយកើតឡើងដោយមិនមានការឆ្លើយតបទៅវិញទេ នោះរឿងបែបនេះអាចនឹងកើតឡើងនៅជុំវិញពិភពលោក ក្នុងនោះរួមមានទាំងតំបន់អាស៉ីផងដែរ»

លោក គីស៉ីដា មិនបាននិយាយចំឈ្មោះលើប្រទេសណាមួយឡើយ ប៉ុន្តែគេមើលឃើញថាលោកទំនងជាចង់សំដៅទៅលើលទ្ធភាពដែលចិនអាចនឹងប្រើកម្លាំងយោធាលើតៃវ៉ាន់។ លោកបន្ថែមថាទំនាក់ទំនងជាមួយចិន គឺជាបញ្ហាប្រឈមដ៏ធំសម្រាប់សហរដ្ឋអាមេរិក និងចិន។

គួរបញ្ជាក់ថា លោក ចូ បៃដិន នៅក្នុងជំនួបជាមួយលោក គីស៉ីដា ក៏បានបង្ហាញការគាំទ្រពេញទំហឹងចំពោះការដាក់ចេញយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់រដ្ឋាភិបាល លោក គីស៉ីដា ដែលនឹងបង្កើនកញ្ចប់ថវិកាយោធា និងការអភិវឌ្ឍសមត្ថភាពយោធាជប៉ុនផងដែរ។ នៅក្រោមយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីនេះ ជប៉ុនមានផែនការទិញមីស៊ីលគ្រូស Tomahawk រាប់រយដើម ហើយដែលបច្ចុប្បន្ន មីស៊ីលប្រភេទនេះមានតែនៅក្នុងឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសតែប៉ុណ្ណោះ៕