(តេហេរ៉ង់)៖ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក ហូសេន អាមៀ អាប់ដូឡាហ៉ីយ៉ាន (Hossein Amir-Abdollahian) បានបង្ហាញក្ដីសង្ឃឹមថាទំនាក់ទំនងការទូតរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងរីយ៉ាដ អាចនឹងត្រូវបានស្ដារឡើងវិញ តាមរយៈកិច្ចសន្ទនារវាងប្រទេសទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣។

លោក អាមៀ អាប់ដូឡាហ៉ីយ៉ាន ធ្វើការកត់សម្គាល់ខាងលើនៅឯសន្និសីទសារព័ត៌មានមួយ នៅថ្ងៃសុក្រសប្ដាហ៍នេះ ក្នុងទីក្រុងបេរូត នៃប្រទេសលីបង់។ លោករំពឹងថាបេសកកម្មការទូត ឬស្ថានទូត ទាំងនៅក្នុងទីក្រុងតេហរ៉ង់ និងទីក្រុងរីយ៉ាដ អាចនឹងបើកទ្វារឡើងវិញ ក្រោមក្របខណ្ឌនៃកិច្ចសន្ទនាដែលគួរតែបន្តធ្វើឡើងរវាងប្រទេសទាំង២។

គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត បានផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៉ីរ៉ង់កាលពីខែមករា ឆ្នាំ២០១៦ បន្ទាប់ពីបាតុករអ៉ីរ៉ង់វាយប្រហារលើស្ថានទូតអារ៉ាប៊ីសាអូឌីត ក្នុងទីក្រុងតេហេរ៉ង់ ដើម្បី បង្ហាញការខឹងសម្បាររបស់ពួកគេចំពោះទីក្រុងរីយ៉ាដ ដែលបានប្រហារជីវិតបុព្វជិតស៉ីអ៉ីតដ៏មានឥទ្ធិពលម្នាក់ឈ្មោះ នីម អាល់ នីម (Nimr al-Nim)។ ចាប់តាំងពីពេលនោះមកដែរ ប្រទេសទាំង២ បានចាប់ផ្ដើមធ្វើ «សង្រ្គាមប្រូកស៊ី» នឹងគ្នាតាមរយៈការគាំទ្រភាគីជម្លោះម្ខាងៗ នៅក្នុងជម្លោះជាច្រើនក្នុងតំបន់មជ្ឈិមបូព៌ា តួយ៉ាងដូចជាសង្រ្គាមនៅយេម៉ែន និងស៉ីរី។

រហូតដល់ខែមេសា ឆ្នាំ២០២១ ទើបក្រុមមន្ត្រីអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់ ត្រូវបានគេរាយការណ៍ថាបានជួបគ្នាជាបន្តបន្ទាប់នៅលើទឹកដីអ៉ីរ៉ាក់។ ប៉ុន្តែកិច្ចចរចានេះបានជាប់គាំងក្នុងរយៈពេល ប៉ុន្មានខែចុងក្រោយនេះ ហើយក៏មិនទាន់មានជំនួបណាមួយត្រូវបានប្រកាសជាសាធារណៈនោះដែរ៕