(បែរឡាំង)៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី គ្រីស្ទីន ឡំប្រ៊ិច (Christine Lambrecht) មានគម្រោងលាលែងចេញពីតំណែងឆាប់ៗខាងមុខនេះ ដែលនឹងបន្ថែមបញ្ហាលើ បញ្ហារបស់លោកអធិការបតី អូឡាហ្វ សូលស៍ នៅក្នុងកិច្ចការបង្កើនការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣។

សារព័ត៌មានអាល្លឺម៉ង់ បៀលដ៍ (Bild) ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន ពីប្រភពមន្ត្រីរដ្ឋាភិបាលអាល្លឺម៉ង់ម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នៅថ្ងៃសុក្រសប្ដាហ៍នេះ។ មន្ត្រីអាល្លឺម៉ង់រូបនេះបានប្រាប់សារព័ត៌មាន បៀលដ៍ ថាលោកស្រី ឡំប្រ៊ិច មានគម្រោងលាលែងចេញពីតំណែងនៅសប្ដាហ៍ក្រោយ ហើយក៏បានជូនដំណឹង លោក អូឡាហ្វ សូលស៍ ពីការសម្រេចចិត្តរបស់លោកស្រីរួចហើយដែរ។

គួរបញ្ជាក់ថា លោកស្រី ឡំប្រ៊ិច មិនបានធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបនឹងសេចក្ដីរាយការណ៍របស់សារព័ត៌មានអាល្លឺម៉ង់ បៀលដ៍ (Bild) នោះទេ។ ប៉ុន្តែ អ្នកនាំពាក្យម្នាក់មកពី ក្រសួងការពារជាតិអាល្លឺម៉ង់ បានហៅសេចក្ដីរាយការណ៍នេះថាជាពាក្យចចាមអារ៉ាម។ ព័ត៌មានពីគម្រោងលាលែងតំណែងរបស់លោកស្រី ឡំប្រ៊ិច កើតមានឡើងនៅចំពេលលោក អូឡាហ្វ សូលស៍ កំពុងរងសម្ពាធពីសម្ព័ន្ធមិត្ត និងអ៊ុយក្រែន ឱ្យបង្កើនការគាំទ្រផ្នែកយោធាសម្រាប់ទីក្រុងកៀវ ជាពិសេសគឺការផ្គត់ផ្គង់រថក្រោះប្រយុទ្ធធុនធ្ងន់៕