(វ៉ាស៊ីនតោន)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា បាននិយាយថា ជប៉ុន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបត្រូវតែធ្វើសកម្មភាពរួមគ្នា លើសំណុំរឿងពាក់ព័ន្ធនឹងចិន នៅចំពោះមុខការកើនឡើងជាលំដាប់នៃបញ្ហាប្រឈមជាមួយទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣។

លោក គីស៉ីដា ធ្វើការកត់សម្គាល់ខាងលើនាឱកាសផ្ដើមបំពេញទស្សនកិច្ចនៅថ្ងៃសុក្រសប្ដាហ៍នេះ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាទីដែលលោកជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតី ចូ បៃដិន ពីការពង្រឹងសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងជប៉ុន។ បើតាមលោក គីស៉ីដា ចិនគឺជាបញ្ហាប្រឈមដ៏ធំសម្រាប់ជប៉ុន និងសហរដ្ឋអាមេរិកដោយចក្ខុវិស័យ របស់ចិនចំពោះសណ្ដាប់ធ្នាប់អន្តរជាតិមានភាពខុសគ្នាពីទស្សនៈយល់ឃើញរបស់ទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន ហើយភាពខុសគ្នានោះមានពេលខ្លះគឺមិនអាចទទួលយកបាន ឡើយ។

ថ្លែងនៅឯសុន្ទរកថាមួយនៅសាកលវិទ្យាល័យ Johns Hopkins នាយករដ្ឋមន្ត្រីជប៉ុនរូបនេះបានគូសបញ្ជាក់ដូច្នេះថា «វាជារឿងចាំបាច់ដែលជប៉ុន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ត្រូវតែរួបរួមគ្នា នៅក្នុងការគ្រប់គ្រងទំនាក់ទំនងរៀងៗខ្លួនរបស់ពួកយើងជាមួយចិន»។ ដោយឡែក ជុំវិញសង្រ្គាមនៅអ៊ុយក្រែន លោក គីស៉ីដា បាននិយាយថា សង្រ្គាមរបស់រុស្ស៉ីបានបិទបញ្ចប់ទាំងស្រុងនូវសណ្ដាប់ធ្នាប់ពិភពលោកក្រោយសង្រ្គាមត្រជាក់ ហើយថាប្រសិនបើការប្រើប្រាស់កម្លាំងបាយរបស់ទីក្រុងមូស្គូ ធ្វើឡើងដោយគ្មានការ ឆ្លើយតបទៅវិញទេ នោះការប្រើកម្លាំងបាយអាចនឹងកើតមានឡើងគ្រប់ទីកន្លែងនៅជុំវិញពិភពលោក រួមទាំងតំបន់អាស៊ីផងដែរ៕