(ប៊ែរឡាំង)៖ អាជ្ញាធរបានប្រកាសនៅថ្ងៃសុក្រ (១៣ មករា) ថា ប្រទេសអាល្លឺម៉ង់នឹងបញ្ចប់លក្ខខណ្ឌតម្រូវឱ្យពាក់ម៉ាស់មុខនៅលើរថភ្លើង និងឡានក្រុងផ្លូវចម្ងាយឆ្ងាយចាប់ពីថ្ងៃទី ២ ខែកុម្ភៈ ដោយសារស្ថានភាពជំងឺរាតត្បាតបានធូរស្រាលឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Karl Lauterbach បានធ្វើសេចក្តីប្រកាសបន្ទាប់ពីការពិគ្រោះយោបល់ ជាមួយរដ្ឋមន្ត្រីមកពីរដ្ឋសហព័ន្ធចំនួន១៦ របស់ប្រទេសអាល្លឺម៉ង់ដោយនិយាយថា «ស្ថានភាពនៃការឆ្លងមានស្ថេរភាព»។

ទោះជាយ៉ាងណាក៏ដោយ លោក Lauterbach បានលើកទឹកចិត្តមនុស្សឱ្យបន្តពាក់របាំងមុខដោយស្ម័គ្រចិត្ត «ដោយផ្អែកលើការទទួលខុសត្រូវផ្ទាល់ខ្លួន»។

លោក Lauterbach បានបន្តនិយាយថា កត្តាជាច្រើនបានរួមចំណែកដល់ការផ្លាស់ប្តូរគោលនយោបាយនេះ រួមទាំងកម្រិតភាពស៊ាំនឹងជំងឺជាសាធារណៈ និងឱកាសទាបចំពោះការកើតមានទម្រង់ថ្មី ដែលមានន័យថា ការត្រឡប់មកវិញនៃមេរោគក្នុងរដូវរងារគឺមិនទំនងនោះទេ។

លោក Lauterbach បានបន្ថែមថា ស្ថានការណ៍មានភាពតានតឹង ប៉ុន្តែអាចគ្រប់គ្រងបាននៅក្នុងមន្ទីរពេទ្យ៕