(មូស្គូ)៖ រុស្ស៊ីបាននិយាយនៅថ្ងៃសុក្រ (១៣ មករា) ថា កងកម្លាំងរបស់ខ្លួន បានកាន់កាប់ទាំងស្រុងលើទីក្រុងជីករ៉ែអំបិល Soledar នៅភាគខាងកើតអ៊ុយក្រែន ដោយអះអាងថា ខ្លួនទទួលបានជោគជ័យលើសមរភូមិដ៏សំខាន់លើកដំបូងរបស់ខ្លួន បន្ទាប់ពីមានការបរាជ័យផ្នែកយោធាអស់រយៈពេលកន្លះឆ្នាំ។​​​​ នេះបើយោងតាមការចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរុស្ស៊ីបានកាន់កាប់ទីក្រុងនេះ ដែលជាចំណុចកណ្តាលនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា តាមរយៈការបាញ់ផ្លោងកាលពីយប់ថ្ងៃព្រហស្បតិ៍។

ក្រសួងបានបន្តថា ការទទួលបានទីក្រុងនេះនឹងធ្វើឲ្យរុស្ស៉ីអាចកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់អ៊ុយក្រែនទៅកាន់ទីក្រុងធំ Bakhmut ទៅភាគនិរតី និងឃាត់ឃាំងកងកម្លាំងអ៊ុយក្រែនដែលនៅសេសសល់នៅទីនោះ។

គួរបញ្ជាក់ថា ប្រធានក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner កាលពីថ្ងៃពុធក៏បានអះអាងផងដែរថា កងកម្លាំងរបស់ខ្លួនបានសម្រេច «ការរំដោះ» ទាំងស្រុងនៃទីក្រុងជីករ៉ែ Solidar ដែលត្រូវបានបដិសេធដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលបាននិយាយថាការប្រយុទ្ធកំពុងបន្ត៕