(ហែលស៉ិនគី)៖ ប្រធានាធិបតីហ្វាំងឡង់ លោក សោលី នីនីស្តូ (Sauli Niinisto) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោកអាចនឹងផ្តល់រថក្រោះខ្លារខិន Leopard 2 ដែលផលិតដោយអាល្លឺម៉ង់ ក្នុងចំនួនតិចតួច ទៅកាន់អ៊ុយក្រែន ប្រសិនបើមាន​ក្រុមប្រទេសអឺរ៉ុបដទៃទៀត បានសម្រេចចិត្តនាំគ្នាធ្វើយ៉ាងដូច្នោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣។

លោក នីនីស្តូ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានហ្វាំងឡង់ STT ថា ប្រទេសហ្វាំងឡង់ ដែលបានដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូ (NATO) កាលពីឆ្នាំ២០២២ អាចត្រឹមចែករំលែករថក្រោះក្នុងចំនួនមួយមានកម្រិតប៉ុណ្ណោះ ដ្បិតខ្លួនត្រូវការសព្វាវុធដើម្បីការពារព្រំប្រទល់ ដែលនៅជាប់ជាមួយប្រទេសរុស្ស៉ីដែរ។

ក្នុងសេចក្តីថ្លែងការណ៍តាមសារអ៉ីម៉ែលផ្ញើមកកាន់ Reuters នៅថ្ងៃសុក្រនេះ ការិយាល័យប្រធានាធិបតីហ្វាំងឡង់ បានលើកឡើងថា ប្រសិនបើគោលជំហរ​ពាក់ព័ន្ធ ការផ្តល់រថក្រោះប្រយុទ្ធឱ្យអ៊ុយក្រែនមានការប្រែប្រួល ហើយកិច្ចសហប្រតិបត្តិការអឺរ៉ុបរួបរួមមួយត្រូវបានបង្កើតឡើង នោះហ្វាំងឡង់​ក៏នឹងត្រូវចូលរួមចំណែកនឹងគេដែរ។

គួរបញ្ជាក់ថា ទីក្រុងកៀវបានទទូចសុំជាខ្លាំងនូវគ្រឿងយន្តយោធាធុនធ្ងន់ ដូចជារថក្រោះ Leopard 2 នេះជាដើម ពីក្រុមលោកខាងលិច ដើម្បីយកទៅប្រើប្រាស់ក្នុងការប្រយុទ្ធតស៊ូរបស់ខ្លួន ប្រឆាំងនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងសប្តាហ៍នេះ ប៉ូឡូញក៏បានបង្ហាញឆន្ទៈផ្តល់រថក្រោះ Leopard 2 ឱ្យអ៊ុយក្រែនផងដែរ ប្រសិនបើមានក្រុមប្រទេសដទៃទៀត​ធ្វើបែបនោះ។ ដោយឡែក អាល្លឺម៉ង់ដែលជាអ្នកផលិតរថក្រោះនេះផ្ទាល់វិញ នៅតែប្រកាន់ជំហរថា គ្មានផែនការផ្តល់ឱ្យអ៊ុយក្រែនឡើយ៕